ពង្រីកត្រូវចំណេញ ពង្រីកខុសខាត! លោក កែវ ឡង់ឌី បង្ហើបក្បួនពង្រីកអាជីវកម្ម១២សាខាដោយរឹងមាំបំផុត
Kan DaraJUNE 12 2023430 views

យីហោលក់សម្ភារៈទារកនិងមា្តយដែលយើងធ្លាប់ឃើញតាមដងផ្លូវយ៉ាងហោចណាស់២-៣ដងដែរ នៅពេលជិះតាមបណ្តាយផ្លូវនានាក្នុងរាជធានីភ្នំពេញ Baby Outlet ដែលមានលោក​​​ កែវ ឡង់ឌី ជាសហស្ថាបនិក។ ក្រោមការគ្រប់គ្រងរបស់លោកបច្ចុប្បន្នយីហោខ្មែរមួយនេះអាចពង្រីកខ្លួនបាន១២សាខានិង បុគ្គលិកជាង៥០០នាក់ហើយ​ ខណៈការផ្តើមដំបូងមានត្រឹមហាង១ប៉ុណ្ណោះ។

ជាក់ស្តែងឆ្លងកាត់តាមបទពិសោធន៍គ្រប់គ្រងរបររកស៊ីជិត១០ឆ្នាំ សហគ្រិនវ័យ៤២ឆ្នាំរូបនេះ បានឱ្យដឹងថាការពង្រីកអាជីវកម្មមួយៗគឺមិនអាចប្រើក្បួនដូចគ្នាទាំងអស់នោះទេ  ព្រោះវាមានលក្ខខណ្ឌផ្សេងៗគ្នាទៅតាមប្រភេទនៃមុខរបរនីមួយៗ ដោយឡែកសម្រាប់លោកផ្ទាល់ការឈរជើង Baby Outlet មកទល់បច្ចុប្បន្ននេះគឺលោកបាន ប្រើគោលការណ៍មួយចំនួនធ្វើឱ្យលោកអាចឈានជើងមកដល់ចំណុចពង្រីកអាជីវកម្មឱ្យរឹងមាំបាន ៖

១. ប្រើក្បួនពីធំមកតូច

តើអ្វីជាគោលដៅចុងក្រោយរបស់អាជីវកម្មយើង? អាជីវកម្មទាំងអស់សុទ្ធតែមិនដូចគ្នាទេ សម្រាប់លក្ខខណ្ឌនៃការពង្រីក ដូច្នេះហើយលោកកែវ ឡង់ឌី លើកទឹកចិត្តឱ្យសហគ្រិនដែលជាម្ចាស់អាជីវកម្មនីមួយៗប្រើក្បួនពីធំមកតូច ពោលគឺគិតពីគោលដៅឱ្យធំ ច្បាស់លាស់ពី Finish Line (ទីផ្តាច់ព័្រត្រ) របស់ខ្លួនឯង បន្ទាប់មកចាប់ផ្តើមធ្វើដោយប្រើប្រាស់យុទ្ធសាស្រ្តស្របជាមួយនឹងគោលដៅព្រោះមិនមែនឱ្យតែមានទុនការពង្រីកអាជីវកម្មសុទ្ធតែអាចត្រូវនោះទេ។ ឧទាហរណ៍ Baby Outlet មានគោលដៅនិងចក្ខុវិស័យធំឱ្យយីហោខ្លួនគ្របដណ្តប់ពេញប្រទេសកម្ពុជា តែការចាប់ផ្តើមធ្វើគឺកើតចេញពីយុទ្ធសាស្រ្តតូចៗជាមុនសិន។

២. ក្តាប់ឱ្យណែនលើការគ្រប់គ្រង

ជំហានទី២គឺការគ្រប់គ្រងទាំងមូលនៃអាជីវកម្ម១ គឺត្រូវធ្វើយ៉ាងណាឱ្យប្រាកដចិត្តថាការដំណើរការប្រចាំថ្ងៃ មានភាពតឹងរឹងនិងល្អប្រសើរ ទើបយើងអាចពិចារណាពង្រីកបាន។ បើសិនជាយើងពង្រីកអាជីវកម្មពេលកំពុងខ្សោយប្រៀបដូចជាពង្រីកភាពខ្សោយរបស់ខ្លួនឯងដែរ។

ដូច្នេះហើយត្រូវធ្វើអាជីវកម្មខ្លួនឯងឱ្យល្អជាមុនសិនដូចជាការគ្រប់គ្រងផលិតផល បុគ្គលិកនិងអតិថិជន ហើយអ្វីដែលកាន់តែធ្វើឱ្យការពង្រីក កាន់តែរឹងមាំទៀតនោះគឺធ្វើយ៉ាងណាឱ្យភ្ញៀវទាំងអស់ដែលចូលមកទិញយើងនិងបុគ្គលិកទាំងអស់ដែលធ្វើការឱ្យយើងទទួលបានលក្ខខណ្ឌដូចគ្នាៗ។ បើធ្វើដូច្នេះបាន មានន័យថាប្រព័ន្ធ SOP ( ប្រព័ន្ធគ្រប់គ្រង ) របស់យើងមានភាពខ្លាំងនិងល្អប្រសើរ ហើយបើពង្រើកក៏ងាយនឹងគ្រប់គ្រងឱ្យបានល្អដែរ។ 

ឧទាហរណ៍ថា ​ភ្ញៀវដែលចូលទៅក្នុងហាងយើង​ម្នាក់ណាក៏ទទួលបានគុណតម្លៃ ១០ចំណុចៗដូចៗគ្នាដែរហើយ បុគ្គលិកយើងម្នាក់ៗអាចទទួលបានអ្វីស្នើៗគ្នាដែរ ហើយនេះបង្ហាញឱ្យឃើញថាអាជីវកម្មរបស់យើងធ្វើជាលក្ខណៈប្រព័ន្ធ​។

៣. កំណត់របៀបពង្រីកអាជីវកម្ម

ការកំណត់របៀបពង្រីកអាជីវកម្មមានច្រើនទម្រង់ខុសៗគ្នា ដូចជាការពង្រីកបែបឌីជីថល ផ្តល់សិទ្ធិឱ្យមានអ្នកចែកចាយបន្ត លក់សិទ្ធិអាជីវកម្មហ្វ្រេនឆាយក្រោមឈ្មោះជារបស់យើង ឬធ្វើឱ្យមានភាពចម្រុះគ្នានៃផលិតផលជាដើម ដែលទាមទារឱ្យយើងស្វែងយល់បន្ថែមទៅលើប្រភេទនៃការពង្រីកនីមួយៗឱ្យកាន់តែស៊ីជម្រៅនិងច្បាស់លាស់ថែមទៀត។

គួរជម្រាបផងដែរថាយីហោ Baby Outlet គឺជាហាងលក់គ្រឿងសម្ភារៈឯកទេសជាង១៥០០០មុខ សម្រាប់ទារកកុមារនិងស្រ្តីមានផ្ទៃពោះ ដែលបានបើកដំណើរការរយៈពេល៩ឆ្នាំមកហើយពោលគិតចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia