ដើម្បីអាចដឹកនាំអាជីវកម្មមួយឱ្យទទួលបាននូវភាពជោគជ័យ គឺត្រូវដឹកនាំដោយមានគោលការណ៍។ យ៉ាងណាមិញក្រុមហ៊ុនអេបផលដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញក៏បានប្រកាន់យកនូវគោលការណ៍ដឹកនាំតាមបែបរបស់ខ្លួនផងដែរ។ ខាងក្រោមនេះគឺជាគោលការណ៍ដឹកនាំធំៗ ៧ របស់ក្រុមហ៊ុន Apple ដែលជួយឱ្យក្រុមហ៊ុនល្បីល្បាញជុំវិញពិភពដូចបច្ចុប្បន្ន៖
១. បង្កើតផលិតផលដ៏អស្ចារ្យ៖ ចំណុចដ៏សំខាន់គឺក្រុមហ៊ុនបានព្យាយាមបង្កើតនូវផលិតផលដ៏អស្ចារ្យ ដើម្បីជួយបំពេញតម្រូវការរបស់មនុស្ស និងជួយដោះស្រាយបញ្ហាសំខាន់ៗរបស់ពួកគេ។
២. សាមញ្ញមិនស្មុគស្មាញ៖ បើទោះបីជាផលិតផលរបស់ក្រុមហ៊ុនអេបផល ព្យាយាមបង្កើតនូវផលិតផលដែលអស្ចារ្យជាងដៃគូប្រកួតប្រជែងក៏ដោយ ប៉ុន្តែផលិតផលរបស់ពួកគេងាយស្រួលប្រើប្រាស់ជាងផលិតដលរបស់ដៃគូប្រកួតប្រជែងព្រោះតែពួកគេប្រកាន់យកនូវគោលការណ៍សាមញ្ញមិនស្មុគស្មាញក្នុងការប្រើប្រាស់។
៣. ផលិតផលជួយបំពេញគ្នា៖ រាល់ផលិតផលដែលក្រុមហ៊ុនផលិតបាន គឺតែងតែជួយបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនដែលប្រើប្រាស់នូវផលិតផលផ្សេងៗ បើទោះបីជាមិនគ្រប់មុខក៏ដោយគ៏ពួកគេអាចនឹងទិញផលិតផលណាមួយរបស់ក្រុមហ៊ុន ហើយពួកគេនៅតែជាអតិថិជនរបស់ក្រុមហ៊ុន។
៤. កិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ៖ ក្រុមហ៊ុនតែងតែធានាថាប្រព័ន្ធនៃការធ្វើការងាររបស់បុគ្គលិកមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមកប្រកបដោយភាពជិតស្និទ្ធ។ ពីផ្នែកមួយទៅផ្នែកមួយមានការសហការគ្នាយ៉ាងរលូន។
៥. ហ៊ាននិយាយបដិសេធ៖ ជាទូទៅរាល់គម្រោងការទាំងអស់របស់ក្រុមហ៊ុនមិនមែនសុទ្ធតែល្អ និងត្រូវតែទទួលយកទាំងអស់នោះទេ។ ដូច្នេះហើយមេដឹកនាំក៏មិនមានភាពខ្លាចរអារក្នុងការនិយាយបដិសេធចោលនូវ គំនិត ឬគម្រោងការណាមួយដែលមិនសំខាន់ចោលផងដែរ។ នៅពេលដែលយើងបដិសេធគំនិត ឬគម្រោងការដែលមិនសំខាន់ ធ្វើឱ្យយើងមានពេលវេលាក្នុងការផ្ដោតទៅលើការងារដែលសំខាន់ៗ។
៦. ទទួលយកនិងរៀនសូត្រពីកំហុសឆ្គង៖ ទាំងបុគ្គលិក និងមេដឹកនាំក្រុមហ៊ុនគឺជៀសមិនផុតពីការបង្កើតនូវកំហុសឆ្គងនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវទទួលយកនូវកំហុសនោះ ហើយត្រូវរៀនសូត្រពីវាកុំឱ្យកំហុសដដែលៗកើតឡើងម្ដងទៀត។
៧. ផ្ដោតទៅលើអ្វីដែលខ្លួនធ្វើបានល្អបំផុត៖ កាលពីមុនក្រុមហ៊ុនអេបផលធ្លាប់ប្រឈមមុខនឹងការក្ស័យធនដោយសារតែបង្កើតផលិតផលច្រើនមុខពេក និងមិនផ្ដោតឱ្យបានច្បាស់លាស់។ ប៉ុន្តែនៅពេលដែលស្ទីវចបត្រឡប់មកដឹកនាំក្រុមហ៊ុនម្ដងទៀត គឺលោកបានបញ្ជាឱ្យបោះបង់ចោលនូវផលិតផលណាដែលមិនសូវសំខាន់ ហើយផ្ដោតតែទៅលើផលិតផលដែលក្រុមហ៊ុនអាចផលិតបានល្អជាងដៃគូប្រកួតប្រជែងតែប៉ុណ្ណោះ៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9