លោក Anthony Francis Fernandes បច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុនជើងហោះហើរ AirAsia ដែលបាន ស្រោចស្រង់ក្រុមហ៊ុននេះពេលមានវិបត្តិក្ស័យធនជាមួយនឹងលុយ ២៦សេន ដើម្បីទិញយកសម្បកក្រុមហ៊ុននេះក្នុងឆ្នាំ២០០១ ឱ្យបានប្រែក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីជាក្រុមហ៊ុនដែលទទួលបានជោគជ័យខ្ពស់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider។
មហាសេដ្ឋីជនជាតិម៉ាឡេស៊ីកាត់ឥណ្ឌារូបនេះ បានដឹកនាំក្រុមហ៊ុនដែលធ្លាប់ដើរដល់ជ្រោះមរណៈ ផុងជាប់បំណុលជាង១១លានដុល្លារ ឱ្យងើបឡើងវិញនិងបាន ពង្រាយសាខារបស់ខ្លួនទៅកាន់ ប្រទេសនៅអាស៊ីជាច្រើនរួមមាន ប្រទេសថៃ ឥណ្ឌូនេស៊ី សឹង្ហបុរីនិងប្រទេសហ្វីលីពីនផងដែរ។
ជាបទពិសោធន៍ក្នុងការដឹកនាំក្រុមហ៊ុនក្ស័យធននិងបរាជ័យ អ្នកដឹកនាំវ័យ៥៨ឆ្នាំរូបនេះ បានផ្តាំផ្ញើទៅកាន់សហគ្រិនទាំងឡាយយ៉ាងដូច្នេះថា “ខ្ញុំជឿជាក់ថា ក្នុងនាមជាសហគ្រិនអ្នកត្រូវតែបន្តដឹកនាំខ្លួនឯងនិងអភិវឌ្ឍខ្លួន ពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ ហើយអ្នកត្រូវតែពូកែ និងមានការត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃស្អែក”។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី៩ធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុន Air Asia បានចុះMOU បើកក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជានឹងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ខាងមុខ។ ដែលក្រុមហ៊ុនអាកាសចរណ៍មានតម្លៃហោះហើរទាប របស់ម៉ាឡេស៊ីមួយនេះ មានអាយុកាលជាង១១ឆ្នាំមកហើយក្រោមការដឹកនាំរបស់ CEO Anthony Francis Fernandes មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ៣៣៥លានដុល្លារ និងបានផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី AirAsia មកជា Capital A នៅកាលពីខែមករាកន្លងទៅ៕
អត្ថបទដោយ៖ ពីង ជូអេង