ខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង គឺជាខេត្ដដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៥នេះ។ ដោយបូកបញ្ចូលគ្នាគឺមានសរុបចំនួន ១៤០ គម្រោងឯណោះនៅក្នុងចំណោមគម្រោងសរុប ២៩០ នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ CDC ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ CDC បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះដែរ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
បើគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនិងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២៣ន់ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៩១% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះខេត្ដកំពង់ស្ពឺទទួលបាន ៧២ គម្រោង ខេត្ដស្វាយរៀងទទួលបាន ៦៨ គម្រោង រាជធានីភ្នំពេញទទួលបាន ៣៤ គម្រោង ខេត្ដកោះកុងទទួលបាន ២៨ គម្រោង ខេត្ដតាកែវទទួលបាន ២៧ គម្រោង ខេត្ដព្រះសីហនុទទួលបាន ២៤ គម្រោង ខេត្ដកណ្ដាលទទួលបាន ២០ គម្រោង ខេត្ដកំពង់ឆ្នាំងទទួលបាន ៨ គម្រោង ខេត្ដត្បូងឃ្មុំនិងខេត្ដកំពតទទួលបាន ២ គម្រោង ខណៈខេត្ដបន្ទាយមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី ពោធិ៍សាត់ កំពង់ចាម ទទួលបានម្នាក់១គម្រោង៕