គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាមានចំនួន ២៩០គម្រោង កើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៥២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ការវិនិយោគរបស់ប្រទេសចិនមានចំនួន ៦២.២៧%, កម្ពុជាខ្លួនឯងមានចំនួន ២៣.២៨% និងសិង្ហបុរីមានចំនួន ៩.៦៣% នៃទុនវិនិយោគសរុប។ ក្រៅពីនេះមានដូចជា កោះ British Virgin ចំនួន ១.៤៤%, វៀតណាមចំនួន ០.៩៩%, ចក្រភពអង់គ្លេសចំនួន ០.៦៧%, កោះ Cayman ចំនួន ០.៥៩%, កោះសាមូអាចំនួន ០.៤៧%, សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចំនួន ០.២១% និងសហរដ្ឋអាមេរិក ចំនួន ០.១៥%។
គួរជម្រាបផងដែរថា ការវិនិយោគមកកាន់កម្ពុជាពីបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី និងបណ្តាអាស៊ីប៉ាស៊ីហ្វិក កំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ជាពិសេស ការរួមចំណែករបស់កម្ពុជា និងសិង្ហបុរីបង្ហាញថាកម្ពុជាកំពុងអភិវឌ្ឍជាទីផ្សារមានសក្តានុពលសម្រាប់វិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍៕