អ្នកណាៗក៏ចង់មានបាន សល់លុយ សល់ទ្រព្យក្លាយជាអ្នកមានដែរប៉ុន្ដែភាពមានបាននេះមិនមែនចេះតែកើតឡើងងាយនោះទេគឺពោលគឺទាមទារការខិតខំប្រឹងប្រែងបូកផ្សំនឹងយុទ្ធសាស្រ្តនិងផ្លូវជាច្រើនទើបយើងអាចរកផ្លូវឆ្ពោះទៅរកភាពមានបានក្នុងជីវិត។
ទាក់ទងនឹងការកសាងភាពមានបាន លោក Walker Deibel ជាសហគ្រិនអាមេរិកក្លាយជាសេដ្ឋីទ្រព្យរាប់លានដុល្លារនិងមានក្រុមហ៊ុនក្នុងដៃជាច្រើន បានបង្ហើបពីទ្រព្យចំនួន៣សំខាន់ដែលលោកបានកសាងធ្វើឲ្យលោកមានបានដូចសព្វថ្ងៃ។
១. អាជីវកម្ម( Business)
លោក Walker Deibel បានលើកឡើងថាអាជីវកម្ម(business)គឺជាម៉ាស៊ីននៃការកសាងទ្រព្យសម្បត្តិ។ លោកថាការមានអាជីវកម្មជាកម្មសិទ្ធិក្នុងដៃគឺជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុនិងផ្ដល់ឱកាសឲ្យយើងអាចវិនិយោគកសាងចំណូលនិងទ្រព្យជាបន្តបន្ទាប់។
លោកថាមានផ្លូវជាច្រើនដែលអ្នកអាចរកចំណូលពីអាជីវកម្ម។ អ្នកអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនហើយធ្វើឲ្យវាចេញជាផ្លែផ្កាឈរលើទីផ្សារនោះអ្នកនឹងមានលំហូរសាច់ប្រាក់។ ក្រៅពីនេះ អ្នកក៏អាចវិនិយោគនៅក្នុងអាជីវកម្មណាមួយដើម្បីក្លាយជាម្ចាស់ភាគហ៊ុន។ មិនតែប៉ុណ្ណោះបើអ្នកជាមនុស្សដែលមានលុយ មានបទពិសោធន៍ក្នុងការរកស៊ីនិងវិនិយោគ អ្នកក៏អាចទិញក្រុមហ៊ុនមកកាន់កាប់ផងដែរ។
ប្រសិនបើអ្នកជាមនុស្សដែលមិនសូវមានលុយច្រើន អ្នកក៏អាចកសាងចំណូលនិងទ្រព្យពីអាជីវកម្មតាមរយៈការវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗបានដោយមិនចាំបាច់មានលុយច្រើនឡើយ។ ជាក់ស្ដែងប្រទេសកម្ពុជាយើងមានផ្សារហ៊ុនដែលមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា” ដែលបងប្អូនអាចវិនិយោគទិញហ៊ុនភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដូចជា ធនាគារ អេស៊ីលីដា កំពង់ផែស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនជាច្រើនទៀត។
កាលណាអ្នកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះអ្នកនឹងបានចំណូលតាមរយៈហ៊ុនឡើងថ្លៃអាចលក់យកប្រាក់ចំណេញនិងបានចំណូលតាមរយៈភាគលាភផង។ ចង់ចេះវិនិយោគលើផ្សារហ៊ុនខ្មែរ អាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong
២. អចលនទ្រព្យ
អចលនទ្រព្យត្រូវបានលោក Walker Deibel ចាត់ទុកជារបស់ក្នុងការបង្កើនទ្រព្យសម្បត្តិនិងកសាងទ្រព្យសម្បត្តិ។ ជាពិសេសអចលនទ្រព្យគឺផ្ដល់ឱកាសឲ្យមនុស្សអាចប្រើប្រាស់លុយអ្នកដទៃក្នុងការបង្កើនទ្រព្យ។ ជាក់ស្ដែងបើអ្នកមានអចលនទ្រព្យ អ្នកអាចយកអចលនទ្រព្យទៅបញ្ចាំដើម្បីខ្ចីលុយធនាគារយកទៅវិនិយោគឬរកស៊ី។
ផ្លូវក្នុងការបង្កើតលុយពីអចលនទ្រព្យមាន២ធំៗគឺទីមួយតម្លៃអចលនទ្រព្យកើនឡើង យើងអាចលក់យកប្រាក់ចំណេញ។ ហើយតម្លៃអចលនទ្រព្យកើនឡើងគឺអាស្រ័យទៅលើទីតាំងមានសក្ដានុពល ការអភិវឌ្ឍន៍និងការកែច្នៃជាដើម។
ចំណែកផ្លូវក្នុងការរកលុយពីអចលទ្រព្យទី២គឺតាមរយៈការដាក់ជួល។ ឧទាហរណ៍បើអ្នកវិនិយោគលើផ្ទះជួល អ្នកនឹងអាចរកចំណូលពីការដាក់ជួលផ្ទះឲ្យគេប្រចាំខែ។ លើសពីនេះបើអ្នកវិនិយោគលើខូនដូ អគារពាណិជ្ជកម្មអ្នកក៏បានចំណូលប្រចាំខែពីការដាក់ជួលផងដែរ។
៣. កម្មសិទ្ធិបញ្ញា( Intellectual property)
លោក Walker Deibel ថាកម្មសិទ្ធិបញ្ញាគឺជាទ្រព្យដូចអាជីវកម្មនិងអចលនទ្រព្យដែរ ប៉ុន្ដែទ្រព្យជាកម្មសិទ្ធិបញ្ញាគឺកើតចេញពីគំនិតនិងភាពច្នៃប្រឌិតរបស់អ្នក។ ឧទាហរណ៍ចំណូលពីកម្មសិទ្ធិបញ្ញាដែលអាចឲ្យអ្នកកសាងទ្រព្យបានមានដូចជាអាជីវកម្មហ្រ្វេនឆាយ សៀវភៅនិងរបស់ផ្សេងៗជាច្រើនទៀត ពោលគឺបើរបស់អ្វីមួយដែលអ្នកបង្កើតនិងច្នៃប្រឌិត បម្រើជាផលប្រយោជន៍ដល់មនុស្សជាតិ អ្នកអាចបង្កើតជាកម្មសិទ្ធិបញ្ញា បើអ្នកដទៃចង់ប្រើសេវាកម្មឬផលិតដែលជាកម្មសិទ្ធិរបស់អ្នក នោះគេនឹងត្រូវបង់លុយឲ្យអ្នក។
សរុបមករបស់ទាំង៣ដែលបានរៀបរាប់ខាងលើគឺប្រភេទទ្រព្យសំខាន់ទាំង៣ បើអ្នកអាចកសាងវាបាននោះអ្នកនឹងមានទ្រព្យជាប្រភពចំណូលរយៈពេលវែងដែលធ្វើឲ្យអ្នកមានលុយចាយមិនខ្វះហើយរស់នៅមានសេរីភាពផ្នែកហិរញ្ញវត្ថុ៕