យោងតាមតួលេខចុងក្រោយរបស់ធនាគារកណ្តាលចិន (PBOC) បង្ហាញឲ្យដឹងថា នៅក្នុងខែឧសភា ខ្លួនបានបង្កើនការទិញចូលមាសដល់ជិត ២តោន ដែលធ្វើឲ្យទុនបម្រុងមាសសរុប កើនឡើងដល់ជាង ២,៣ពាន់តោន។ ខាងក្រោមនេះ គឺជាមូលហេតុធំៗ៣ ដែលចិនសម្រុកទិញមាសស្តុកទុកយ៉ាងច្រើន ក្នុងរយៈពេល ៧ខែជាប់ៗគ្នា៖
១/. កាត់បន្ថយការពឹងផ្អែកលើលុយដុល្លារអាមេរិក (USD)៖ ចិនព្រួយបារម្ភអំពីអំណាចរបស់ដុល្លារសហរដ្ឋអាមេរិក (USD) ដែលអាចប្រើជាឧបករណ៍នយោបាយដើម្បីគំរាមដល់សេដ្ឋកិច្ចរបស់ខ្លួន។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើ USD និងប្រព័ន្ធធនាគារអន្តរជាតិដែលដឹកនាំដោយអាមេរិក (ដូចជា SWIFT) ចិនបានពង្រឹងទុនមូលដ្ឋានរបស់ខ្លួនជាមាស។
២/ មាសជាទ្រព្យសម្បត្តិមានសុវត្ថិភាព៖ នៅពេលសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ ចំណាត់ថ្នាក់នៃអត្រាប្តូរប្រាក់ប្រែប្រួល និងមានការប្រឈមនានា ដូចជាសង្រ្គាមពាណិជ្ជកម្ម ឬវិបត្តិហិរញ្ញវត្ថុ អ្នកវិនិយោគនឹងសម្លឹងមកមើលមាស។ មាសមានតម្លៃជាក់លាស់ និងមិនត្រូវបាត់បង់តម្លៃដូចជាប្រាក់ក្រដាសនោះទេ ដូច្នេះចិនប្រើមាសជាឧបករណ៍សម្រាប់ទប់ទល់គ្រោះថ្នាក់ពីវិបត្តិសេដ្ឋកិច្ចនាពេលអនាគត។
៣/. ការវិនិយោគផ្ទាល់ពីប្រជាជនចិន៖ ក្រៅពីរដ្ឋាភិបាល ប្រជាជនចិនក៏បានប្តេជ្ញាទិញគ្រឿងអលង្ការ ឬទ្រព្យដែលធ្វើពីមាស ដើម្បីសន្សំទុកសម្រាប់លក់។ ក្នុងវប្បធម៌ចិន មាសតែងតែត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិមានតម្លៃ និងសុវត្ថិភាពខ្ពស់។ នេះក៏ជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យតម្លៃមាសនៅលើទីផ្សារក្នុងប្រទេសចិនកើនឡើងដាច់គេក្នុងតំបន់អាស៊ីផងដែរ។
គួរជម្រាបថា ចិនសម្រុកទិញមាសមិនមែនជាការវិនិយោគធម្មតានោះទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយហិរញ្ញវត្ថុដែលបង្កើតការការពារសេដ្ឋកិច្ចជាតិ និងត្រៀមខ្លួនសម្រាប់សេរីភាពពីអំណាចរបស់ប្រទេសអភិវឌ្ឍន៍។ មាសទាំងនេះកំពុងក្លាយជា “អាណាចក្រមិនអាចមើលឃើញ” ដែលចិនកំពុងសាងសង់នៅក្រោយឆាកនយោបាយពិភពលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook