កាសែតវៀតណាមបានចុះផ្សាយព្រាងព្រាត អំពីមោទនភាពជាតិ ដោយក្នុងចំណោមនោះ VN Express នៅថ្ងៃទី០៩ ខែមិថុនានេះបានឱ្យដឹងថាអ្នកនាង Amanda Nguyen បានក្លាយជាស្ត្រីជនជាតិវៀតណាម កាន់សញ្ជាតិអាមេរិក ដំបូងគេបំផុតដែលអាចឡើងទៅដល់អវកាស តាមរយៈរ៉ុក្កែតរបស់ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ។
ជាមួយនឹងបេសសកម្មប្រមាណជាង១០នាទី កាលពីខែមេសា ទៅកាន់ទីអវកាសមានចម្ងាយ១០០គីឡូម៉ែត្រ ពីផែនដីជាទីលំហំដែលទទួលស្គាល់ជាអន្តរជាតិ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះបានឱិ្យដឹងថា នាងបាននាំយកគ្រាប់ផ្កាឈូកដែលជាផ្កាតំណាងជាតិវៀតណាមចំនួន ១៦៩ គ្រាប់ទៅជាមួយផងដែរ។
ការនាំយកគ្រាប់ផ្កាតំណាងជាតិជិះរ៉ុក្កែតទៅកាន់ទីអវកាស ដើម្បីសិក្សាស្រាវជ្រាវ ជាមួយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ក្រោយការហោះទៅកាន់ទីអវកាស ថាតើគ្រាប់រុក្ខជាតិទាំងនេះអាចរងផលប៉ះពាល់និងមានបញ្ហាអ្វីខ្លះ ក្រោយការធ្វើដំណើរទៅលំហ។
នៅក្នុងរ៉ុក្កែតឈ្មោះ Blue Origin's New Shepard អ្នកនាង Amanda Nguyen គឺមានស្រ្តីទាំងអស់ រួមមាន អតីតអ្នកវិទ្យាសាស្ត្ររ៉ុក្កែតរបស់អង្គការ NASA អ្នកស្រី Aisha Bowe, តារាចម្រៀង Katy Perry ,សហពិធីករនៃសារព័ត៌មាន CBS Mornings Gayle King, ផលិតករភាពយន្ត Kerianne Flynn, និងនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយលោកស្រី Lauren Sánchez ដែលជាគូដណ្តឹងរបស់មហាសេដ្ឋី Jeff Bezos។
ក្រោយចុះចតត្រឡប់មកវិញ Amanda Nguyen បានទទួលលិខិតអបអរសាទរពីនរដ្ឋាភិបាលវៀតណាម ដែលបានសរសើរអំពីស្នាដៃនិងការរួមចំណែកជាសាកលរបស់ប្រជាជនវៀតណាមទាំងមូល ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ផ្នែកជីវអវកាស និងបានធ្វើការស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ។
បន្ទាប់ពីនោះនាងត្រឡប់មកកាន់មាតុភូមិនៃប្រទេសវៀតណាមនិងបានថ្លែងសារចែករំលែកចំណេះដឹងនៅសាកលវិទ្យាល័យមួយយ៉ាងថា៖ «ខ្ញុំបានទៅអវកាសដើម្បីឲ្យនារីវៀតណាមក៏ដូចជាយុវជន ផ្សេងទៀតអាចមើលឃើញខ្លួនឯងនៅលើលំហអាកាសដែរ ហើយមិនថាខ្ញុំទៅទីណាទេនៅលើភពផែនដីនេះ ឫសគល់របស់ខ្ញុំនៅទីនេះគឺប្រទេស “វៀតណាម”៕
អត្ថបទដោយ៖ ពីង ជូអេង