មានមតិមហាជនជាច្រើន បានលើកឡើងពីភាពមិនច្បាស់លាស់ និងចោទជាសំណួរថា តើឆ្នាំនេះរៀបចំអង្គរសង្ក្រាន្តឬទេ? ខណៈសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឈានចូលដល់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ។
ជុំវិញចម្ងល់ដ៏ច្រើននេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបកស្រាយច្បាស់ៗយ៉ាងដូច្នេះថា៖ «សូមជម្រាបថា អង្គរសង្ក្រាន្ត ដែលបានធ្វើកន្លងមកគឺរៀបចំឡើងដោយសភាពសហព័ន្ធយុវជនដែលជាការប្រមូលផ្តុំ ដោយយុវជនក្នុងការរៀបចំ។ ទោះបីជាឆ្នាំនេះ អង្គរសង្ក្រាន្ត នឹងមិនមានការរៀបចំដោយសភាពសហព័ន្ធយុវជន ក៏ប៉ុន្តែអង្គរសង្គ្រាន្ត នៅតែបន្តដោយការរៀបចំដោយអាជ្ញាធរខេត្តនីមួយៗ។ ហើយក្រៅពីអង្គរសង្ក្រាន្ត ក៏នៅមានការរៀបចំសង្ក្រាន្តផ្សេងៗទៀតដែលរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត សាលា និងតាមទីតាំងនានាផ្សេងៗទៀតដូចធម្មតា»។
គួរជម្រាបផងដែរថា សង្រ្កាន្ត ជាពាក្យសំស្ត្រឹតមានប្រភពមកពីឥណ្ឌា និងមានន័យថា រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចរឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តី ពិធីសង្រ្កាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួននោះឡើយ៕