ធ្មេចបើកៗ ភ្នំពេញមានស្ពានអាកាសធំៗ ៦ ហើយ ខណៈស្ពានថ្មី ៣ ទៀតកំពុងបើកការដ្ឋានសាងសង់
Bunthoeun KoemAUGUST 31 2022541 views

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៩ កន្លែងហើយ ដោយក្នុងនោះស្ពានចំនួន ៦ បានសាងសង់រួចរាល់នឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវការ​ ចំណែកស្ពានអាកាសចំនួន ៣កន្លែងទៀតកំពុងតែបើកការដ្ឋានសាងសង់។

ចំពោះស្ពានអាកាសដែលបានដាក់ឱ្យដំណើរទាំង ៦ នោះរួមមាន៖

១. ស្ពានអាកាស៧ មករា​( ស្ពានស្តុកពេទ្យលោកសង្ស)

ស្ពាននេះស្ថិតនៅក្នុង ខណ្ខទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំងនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ដោយមានបែកខ្នែងឆ្ពោះទៅវិថីកម្ពុជាក្រោម។ ស្ពានេះបើកការដ្ឋានសាងសង់កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ និងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC សាងសង់ ចំណាយទឹកប្រាក់ប្រមាណ ៨,៧០៥,៨០៨ដុល្លារ។

២. ស្ពានអាកាស៥មករា (ស្ពានអាកាសតិចណូ)

ស្ពាននេះ បានបើកការដ្ឋាន​សាងសង់ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ​បញ្ចប់ ការ​សាង​សង់ ​នៅថ្ងៃទី០៩ ខែ​មករា ឆ្នាំ២០១៦។​ ស្ពានមួយកន្លែងនេះបានសាងសង់ដោយក្រុមហ៊ុន  OCIC ​ ហើយគម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ​១៤.៥០២.៤៧៦ដុល្លារ ។

៣.ស្ពានអាកាសស្ទឹងមានជ័យ

ស្ពាននេះចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១២ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដូចគ្នាស្ពានអាកាសទាំងពីរខាងលើផងដែរ និងបាន​ចំណាយ​ទឹក​ប្រាក់​អស់​ ១៨.៩៧៦.៦៧៨ ដុល្លារ។

៤. ស្ពានអាកាសមិត្តភាពកម្ពុជា ចិនសែន សុខ (ស្ពានអាកាសស្តុបផ្សារដីហុយ)

ស្ពាននេះចំណាយថរិការសាងសង់ប្រមាណ១៧ លានដុល្លារ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានអាកាសនេះដែរ ត្រូវបានបើការដ្ឋានសាងសង់នៅខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨។

៥. ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅនេះ ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពីថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០១៩ ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២ ​លាន​ដុល្លារ និងត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ​។ ស្ពាន​អាកាសនេះ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​-​កម្ពុជា OCIC​។

៦. ស្ពានអាកាសក្បាលថ្នល់

ស្ពាននេះជាស្ពានអាកាសដំបូងគេនៅរាជធានីភ្នំពេញ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC​ និងដាក់សម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០។

ដោយឡែក ចំពោះស្ពានអាកាស៣ទៀតដែលរាជរដ្ឋាភិបាលកំពុងតែបើកសាររដ្ឋានសាងសង់ក្នុងនោះរួមមាន៖ ស្ពានអាកាសស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥។ គម្រោងនេះបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលចំណាយថវិកាសាងសង់ជិត ១០លានដុល្លារ។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) គ្រោងបញ្ចប់នៅឆ្នាំ២០២៣ផងដែរ។

ចំពោះស្ពានអាកាសចំនួន២ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ និងស្ពានមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះផងដែរ។

តាមការបញ្ជាក់គម្រោងទាំង ២ នេះនឹងត្រូវចំណាយថវិកាសរុបចំនួន ៤៦ លានដុល្លារផងដែរ។

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

302182261 2207785452736536 1487703553650810178 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia