ក្នុងរយៈពេលមួយទសវត្សឆ្នាំចុងក្រោយនេះ ហាងកាហ្វេបានក្លាយជាមុខជំនួញដ៏ពេញនិយមមួយនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយសារតែចំនួនអ្នកចូលចិត្តញ៉ាំកាហ្វេ មានការកើនឡើងឥតឈប់ឈរ ជាពិសេសមនុស្សក្នុងវ័យជំទង់នេះតែម្តង។ ហាងកាហ្វេមិនត្រឹមតែជាកន្លែងដែលអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលអ្នកអាចទៅជជែក អានសៀវភៅ និងជួបមិត្តភ័ក្តិ និយាយការងារ បានថែមទៀត។
ទន្ទឹមនឹងភាពរីកចម្រើន និងពេញនិយមខ្លាំងនេះដែរ ក៏មានអាជីវកម្មមិនតិចទេ ត្រូវត្រឡប់ទៅស្រុកកំណើតវិញ លក់យូរៗសល់តែសំបកហាង លក់យូរៗទៅបាត់ភ្ញៀវអស់។ ទាក់ទងជាមួយបញ្ហានេះ លោក វី ច័ន្ទ្រ រង្សី ស្ថាបនិក ហាងកាហ្វេ Alarm Clock លើកឡើងថា ក្នុងការបើកហាងកាហ្វេនេះ យើងត្រូវបែកចែកអតិថិជនជា២ប្រភេទ ទី១បែប Coffee Style និងទី២ Coffee Lover ហើយនៅពេលដែលយើងច្បាស់លើប្រភេទពីរនេះហើយ យើងងាយស្រួលក្នុងការចាប់ចំអតិថិជនគោលដៅ។
១. អតិថិជនបែប Coffee Style៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា អតិថិជនបែប Coffee Style ជាប្រភេទអតិថិជនដែលសាវាបំផុត ព្រោះពួកគាត់ទៅញ៉ាំកន្លែងយើងដើម្បីថតរូប ហើយក៏មិនមែនញ៉ាំដើម្បីតែរសជាតិដែរ ប៉ុន្តែកន្លែងយើងទំនងដើម្បីឱ្យគាត់ថតរូប ដូច្នេះហើយអ្នកត្រូវចាំថា អតិថិជនប្រភេទនេះ ញ៉ាំកន្លែងដដែលដើម្បីថតរូបមិនលើសពីពីរដងនោះទេ ដោយពួកគាត់នឹងទៅកន្លែងណាដែលថ្មី គេល្បីដើម្បីទៅថតរូបទៀត។
ត្រឡប់មកវិញ ប្រសិនបើអ្នកចង់ចាប់យកអតិថិជនប្រភេទនេះ អ្នកអាចចាប់បាន ប៉ុន្តែអ្នកត្រូវចំណាយច្រើនក្នុងការរៀបចំហាងហ្នឹងឱ្យប្លែកពីគេ ហើយអាជីវកម្មបែបនេះដើរខ្លាំង ពោលគឺកើបលុយខ្លាំងក្នុងរយៈពេល២ឆ្នាំដំបូង។
២. អតិថជនប្រភេទ Coffee Lover ៖ លោកស្ថាបនិកវ័យក្មេងរូបនេះបានបន្តទៀតថា ប្រសិនបើអ្នកជ្រើសរើសអតិថជនប្រភេទ Coffee Lover នោះជាពេលដែលអ្នកចាប់ផ្តើមជ្រើសរើស Class ថាគួរចាប់ អតិថិជនកម្រិចជីវភាព ថ្នាក់ខ្ពស់ ថ្នាក់មធ្យម ឬកម្រិចទាប បន្ទាប់គិតពីតម្លៃថាគាត់គួរលក់មួយកែវប៉ុន្មាន? រសជាតិយ៉ាងម៉េច? ព្រោះថ្នាក់ទាំង៣ញ៉ាំខុសគ្នា ដូច្នេះ ពេលដែលអ្នកជ្រើស Class ត្រូវហើយ ទើបចាប់ជ្រើសគ្រប់កាហ្វេពីក្រោយ ថាគ្រប់កាហ្វេគួរជ្រើសរើសតម្លៃប៉ុន្មាន ហើយរសជាតិយ៉ាងម៉េចឱ្យត្រូវជាមួយថ្នាក់នៃអតិថិជនប្រភេទហ្នឹង ហើយចាំទៅរើសតំបន់តាមក្រោយ៕