ជាដំណឹងដ៏រីករាយមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលនិយមចូលចិត្ដទៅលេងតំបន់ទេចរណ៍កោះរ៉ុង ខណៈនាពេលខាងមុខនេះ ព្រលានយន្ដហោះអន្ដរជាតិតម្លៃ ៣០០ លានដុល្លារ នឹងលេចរូបរាងឡើងនៅទឹកដីកោះទេសចរណ៍មួយនេះ។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់ព្រលានយន្ដខាងលើដែលមានទីតាំងស្ថិតនៅតំបន់ទេសចរណ៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ។
តាមការបញ្ជាក់ពិធីចុះហត្ថលេខានេះ ត្រូវបានបានធ្វើឡើងនៅសណ្ឋាគារ Cambodia Hotel រាជធានីភ្នំពេញក្រោងអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ដ្រីជាច្រើនរូបទៀត។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ព្រលានយន្ដហោះអន្ដរជាតិកោះរ៉ុងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ៣០០ លានុដល្លារ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ ឆ្នាំ។ ហើយព្រលានអន្ដរជាតិនេះផងដែរ ជាប្រភេទ 4C៕
អត្ថបទ៖ កឹម ប៊ុនធឿន