ផ្តើមចេញពីនិស្សិតស្ថាបត្យកម្ម ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន លោក សាយ សុភា បានប្តូរអាជីពពីអ្នកធ្វើការស្ថាបត្យកម្មដើរតាមក្តីស្រមៃនិងការចង់បានរបស់ខ្លួន ដោយងាកមកធ្វើវីដេអូបញ្ចូលសម្លេងបែបកំប្លែងដែលមានអ្នកមើលរាប់លាននាក់នៅខ្មែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក សាយ សុភា បច្ចុប្បន្នជាម្ចាស់ផេក BVA បានឱ្យដឹងថា ដើមឡើយលោកមានអាជីពការងារជាស្ថាបត្យករធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ប៉ុន្តែក្រោយធ្វើការបានមួយរយៈលោកក៏គិតចង់ធ្វើអ្វីមួយបន្ថែមទៀតដែលជាទេពកោសល្យរបស់លោក ដែលអាចនាំភាពសប្បាយចំពោះខ្លួនឯងនិងអ្នកដទៃ ទើបនៅអំឡុងឆ្នាំ ២០១៥ លោកក៏បានបង្កើតក្រុមការងារបង្កើតផេកមួយឈ្មោះថា AVA ជាផេកបញ្ចូលសម្លេងបែបកំប្លែងៗ។
លោកបន្តថា ក្រោយពេលចេញវីដេអូនៅលើផេក AVA មានអ្នកតាមដានជាច្រើនដែលលោកសឹងតែមិននឹកស្មានដល់ ដោយសារអ្នកទស្សនាស្រឡាញ់ចូលចិត្តនិងគាំទ្រវីដេអូរបស់លោក លោកក៏បន្តធ្វើវីដេអូថ្មីៗប្លែកជាបន្តបន្ទាប់។ប៉ុន្តែ ក្រោយពីដំណើរការការងារជាក្រុមបានមួយរយៈពេលលោកក៏ បំបែកផេកមួយបន្ថែមទៀត ដែលមានឈ្មោះថា BVA ផេកនេះបង្កើតឡើងនៅឆ្នាំ ២០១៧ តែមិនមែនធ្វើជាក្រុមដូចមុនឡើយ ពោលគឺលោកធ្វើម្នាក់ឯងវិញម្តង។
ម្ចាស់ផេកវ័យក្មេងរូបនេះបានបញ្ជាក់បន្ថែមថា វីដេអូដំបូងដែលធ្វើឱ្យគេចាប់ផ្តើមល្បីនិងស្គាល់ផេក BVA គឺវីដេអូឃ្លីបឡាំឌួយ និងបន្តមកមានវីដេអូឃ្លីបកូវីដនិងយាយហើម ហើយក្នុងចំណោមវីដេអូទាំងអស់របស់លោកមានអ្នកមើលច្រើនបំផុតដល់ទៅ ១២ លាននាក់ឯណោះ។ដោយឡែកចំពោះគំនិតដែលនៅក្នុងការបង្កើតជាសាច់រឿងមួយៗគឺលោកបំបែកពីរបស់របរប្រើប្រាស់ និងផ្សារភ្ជាប់ជាមួយជីវិតដែលមាននៅជុំវិញខ្លួនផ្សេងៗទៀត។រីឯរូបភាពតួរអង្គគឺយកចេញពីវេបសាយហើយយកមកតុបតែងបន្ថែមមានសម្លៀកបំពាក់ ថែមកុដ ថែមក្រវិល ថែមនេះថែមនោះក៏បង្កើតចេញជារូបភាពមួយដ៏ទាក់ទាញដែលអាចធ្វើឱ្យគ្រប់គ្នាសើចសប្បាយបានបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់ចំណូលដែលលោកអាចរកបានពីការធ្វើវីដេអូមិនក្រោមពាន់ដុល្លារនោះទេ ដោយប្រភពចំណូលទាំងនោះបានពី YouTube ខ្លះនិងតាមរយៈ Sponsored ខ្លះ។លោក សាយ សុភា ម្ចាស់ផេក BVA បានសង្កត់ឆ្ងន់ផងដែរថា “សម្រាប់យុវជនដែលមានបំណងចង់ក្លាយជាអ្នកធ្វើវីដេអូដូចខ្ញុំ ឬក៏ធ្វើអ្វីក៏ដោយ ត្រូវធ្វើអ្វីជាខ្លួនឯង ហើយត្រូវហ៊ានក្នុងការចាប់ផ្តើមទោះល្អមិនល្អក៏ដោយធ្វើទៅកុំខ្លាចបរាជ័យ ព្រោះជំហានទី២យើងនឹងល្អជាបន្តបន្ទាប់ មួយវិញទៀតនៅពេលចង់ចាប់ផ្តើមធ្វើអ្វីក៏ដោយ យើងកុំទាន់ចោលប្រភពចំណូលរបស់យើង តែត្រូវបែងចែកពេលវេលាឱ្យត្រឹមត្រូវធ្វើការងារបច្ចុប្បន្នឱ្យល្អហើយការងារថ្មីឱ្យវារីកចម្រើនបន្តិចម្តងៗកុំចោលប្រភពចំណូលភ្លាមៗហើយមកចាប់ការងារថ្មីទាំងស្រុងព្រោះបើបរាជ័យវាអាចធ្វើឱ្យយើងបាក់ទឹកចិត្តហើយលែងហ៊ានចាប់ផ្តើមធ្វើអ្វីបន្តទៀត”។
ជាចុងក្រោយ លោកផ្តាំថា ប្រសិនបើចង់ធ្វើជាវីដេអូបង្ហាញនៅលើបណ្តាញសង្គមបើយើងទាញយកផលប្រយោជន៍ពីសង្គម យើងក៏ត្រូវផ្តល់ផលល្អទៅក្នុងសង្គមវិញដែរ ប្រសិនបើមិនបានផ្តល់ជាផលល្អទៅកាន់សង្គមវិញទេក៏គួរតែធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សង្គមទៅគឺបានហើយ។ជាពិសេសលោកបានផ្តាំថា "ទេពកោសល្យរបស់មនុស្សត្រូវតែមានចំណេះដឹង ទេពកោសល្យដែលគ្មានចំណេះដឹងយើងអាចប្រើប្រាស់វាក្នុងផ្លូវខុសចំពោះអ្នកដទៃនិងខ្លួនឯងដោយមិនដឹងខ្លួន ប្រសិនបើយើងប្រើប្រាស់ទេពកោសល្យរបស់យើងមិនបានត្រឹមត្រូវ"៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង