មហាសេដ្ឋី Bill Gates បោះសម្តីថា៖ «កើតមកក្រពុំមែនជាកំហុសទេ តែបើស្លាប់ទៅវិញនៅតែក្រទៀតទើបជារឿងដ៏គួរឲ្យអាម៉ាស់បំផុត»។ ស្ទើរគ្រប់បុគ្គលលេចធ្លោខ្លាំងក្នុងលោកសុទ្ធសឹងកសាងភាពជោគជ័យចេញពីបាតដៃខ្លួនឯង ពុំមានគ្រូហោរ គ្រូទាយ ទំនាយពីបុរាណ បន្សល់ដានដាំជោគវាសនាឲ្យពួកគេនោះទេ។
ជុំវិញរឿងនេះ លោក Brian Tracy ដែលជាគ្រូបង្វឹកសហគ្រិន ភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធល្បីឈ្មោះជាសកលមួយរូប បានបង្ហាញរឿងធំៗ៣ បើអ្នកអាចធ្វើបាន អនាគតទោះចង់ក្រក៏ពិបាកដែរ៖
១/. មានជំនាញមួយច្បាស់លាស់
«អ្នកមិនអាចបើឡានបានទេ ប្រសិនបើអ្នកគ្រាន់តែគិត តែមិនបានរៀនបើកបរជាក់ស្តែង» នេះគឺជាសម្តីរបស់គ្រូបង្វឹក Brian Tracy ពោលក្នុងចំណោមមនុស្សរាប់រយនាក់។ កុំសាវ៉ា ចាប់នេះចាប់នោះតែមិនឆ្ពោះត្រង់ណា គួរជ្រើសរើសជំនាញមួយឱបជាប់នឹងខ្លួន ស្មោះស្ម័គ្រថែថួន ពង្រឹង ពង្រីក ចេះពិត ប្រើបាន។ ច្បាប់ក្រមង៉ុយ ចែងថា៖ « បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ
ប្រាក់រត់តាមហៅ»។
២/. ក្លាយជា Top 10% ក្នុងវិស័យរបស់អ្នក
លោក Brian Tracy បានលើកឡើងថា៖ «ខ្ញុំបានរកឃើញថា មនុស្សដែលជោគជ័យទាំងអស់គឺមានភាពល្អឥតខ្ចោះទៅលើអ្វីដែលពួកគេធ្វើ»។ «អ្នកដឹងទេ មានសំណួរដ៏ចាស់កម្រិលមួយ មនុស្សសួរទៅកាន់ Willie Sutton ដែលជាចោលប្លន់ធនាគារថា ហេតុអ្វីបានជាអ្នកប្លន់ធនាគារ? គាត់ឆ្លើយថា បាទ! ព្រោះវាជាកន្លែងដែលរក្សាទុកលុយ»។ លោក Brian Tracy បានបន្ថែម។
វាអាចត្រូវការរយៈពេលចន្លោះពី ៥-៧ឆ្នាំ ដើម្បីកសាងខ្លួនក្លាយជាមនុស្សម្នាក់ឡើងដល់កំពូលនៃ១០% លើអាជីពរបស់អ្នក តែប្រសើរជាងស្ថិតនៅទ្រឹងត្រង់ក្នុងចំណោម ៨០% ខណៈបានចាយជីវិតដូចគ្នា។ សម្លឹងមើលមនុស្សដែលឈរលើកំពូល១០%នៃអាជីពនោះ ហើយរៀនសូត្រពីជំហាននិងអ្វីដែលពួកគេបានធ្វើ ត្បិតពួកគេក៏ចាប់ផ្តើមពីចំណុចទាបមួយដូចគ្នា។
៣/. បំភ្លេចចោលពីភាពបរាជ័យ
«ការភ័យខ្លាចការបរាជ័យគឺជា រឿងដ៏អាក្រក់និងជាឧបសគ្គធំបំផុត សម្រាប់ជីវិតយុវវ័យឃាឃាំងឃាត់អនាគតដ៏ត្រចះត្រចង់»។ នេះគឺជាអ្វីដែលអ្នកនិពន្ធខាងលើបានថ្លែង។ ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវឆ្លងកាត់ការបរាជ័យម្តងហើយម្តងទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Henry Ford បាននិយាយថា៖ «ការបរាជ័យគ្រាន់តែជាឱកាសមួយដើម្បីធ្វើឲ្យអ្នកកាន់តែមានភាពឆ្លាតវៃក្នុងការចាប់ផ្តើមម្តងទៀតប៉ុណ្ណោះ»។ បញ្ហាដ៏ធំបំផុតរបស់អ្នកនៅថ្ងៃនេះ អាចក្លាយជាកាដូដ៏ធំបំផុតដែលអ្នកមិនធ្លាប់បានទទួល។ ប្រសិនបើអ្នកឈប់គិតអំពីអ្វីដែលបានកើតឡើង និងការស្តីបន្ទោសទៅលើអ្នកផ្សេង ហើយអ្នកចាប់ផ្តើមមើលកាដូនៅក្នុងបញ្ហារបស់អ្នក ពេលខ្លះវាអាចផ្លាស់ប្តូរជីវិតអ្នកទាំងស្រុងក៏ថាបាន។
យ៉ាងណាមិញ ជោគវាសនារបស់អ្នកមិនស្ថិតលើមាត់គ្រូទាយឡើយ អ្នកជាអ្នកសាង ហើយអ្នកក៏ជាអ្នកទទួល ដូចព្រះពុទ្ធសម្តែងថា៖ «បុគ្គលសាបព្រុះនូវពូជណា រមែនច្រូកកាត់នូវផលផ្លែនោះ»។ ចាប់យកជំនាញមួយឲ្យច្បាស់លាស់ កសាងខ្លួនឲ្យក្លាយជា Top 10% ក្នុងវិស័យដែលអ្នកធ្វើ និងកុំញញើតជាមួយការបរាជ័យ ដួលកន្លែងណាក្រោកកន្លែងហ្នឹង កាន់តែដួលអ្នកកាន់តរឹងមាំនិងឆ្លាតជាងមុន ពេលនោះទោះអ្នកចង់ក្រក៏ពិបាកដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook