ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដតាកែវ ស្វាយរៀង និងខេត្ដព្រះសីហនុ ខណៈខេត្ដសក្ដានុពលទាំងបីនេះទទួលបានគម្រោងបង្កើតរោងចក្រថ្មីនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ដែលមានតម្លៃសរុបជាង ១៤ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគម្រោងទាំងនោះរួមមាន៖
១. ខេត្ដតាកែវ
គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២០០កន្លែង។ ដោយគម្រោងនេះគឺមានទីតាំងស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។
២. ខេត្ដស្វាយរៀង
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្លាស្ទិក (ពោងគ្រប់ប្រភេទ សម្ភារៈក្មេងលេង តង់ ក្តារបន្ទះជិះលើទឹក) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងទំហំទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៣០កន្លែង។ ខណៈគម្រោងនេះគឺមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
៣. ខេត្ដព្រះសីហនុ
គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារៈប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទំហំទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨១កន្លែង។ ដោយគម្រោងវិនិយោគនេះ គឺមានទីតាំងស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ៕