រថយន្តប្រើប្រាស់រួចប្រមាណ១៤លានគ្រឿងត្រូវបាននាំចេញទៅកាន់ពិភពលោក ខណៈរថយន្តចំនួន៨០% ត្រូវបាននាំចេញទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ នេះបើយោងតាមរបាយការណ៍ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP)។
ជាទូទៅប្រទេសធំៗ គឺតែងតែមានរោងចក្រផលិតឡានសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ តួយ៉ាងប្រទេសដែលមានរោងចក្រផលិតឡាន ភាគច្រើនឡានមានតម្លៃធូរថ្លៃខ្លាំងណាស់ ចំណែកឯការយកពន្ធផ្លូវវិញកាន់តែធូរថ្លៃមួយកម្រិតទៀត។ ដូច្នេះទើបប្រជាជនក្នុងស្រុកស្ទើរ៩០%ទៅហើយមានចំណូលគ្រប់គ្រាន់ទិញឡានជិះបានយ៉ាងងាយ។
តែទោះបីជាប្រទេសធំៗទាំងនោះអាចផលិតឡានងាយក៏ដោយ ប៉ុន្តែគេមើលឃើញថាឡាននៅសល់គរចោលពេញប្រទេសគ្មានកន្លែងដាក់ឡើយ ថែមទាំងនាំចេញទៅទុកចោលប្រទេសផ្សេងទៅវិញ។ ជាក់ស្តែងយោងទៅតាម នាយិកាប្រតិបត្តិអង្គការ UNEP បានអោយដឹងថា៖ «រថយន្តដឹកទំនិញ និងរថយន្តក្រុងតូចៗដែលប្រើប្រាស់រួចប្រមាណ១៤លានគ្រឿងត្រូវបាននាំចេញទៅកាន់ពិភពលោក គិតត្រឹមចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ប៉ុណ្ណោះ»។
ប្រទេសដែលបាននាំចេញឡានចាស់ៗខ្ពស់ជាងគេគឺ អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ដែលការនាំចេញឡានទាំងនោះភាគច្រើនទៅកាន់ប្រទេសមានសេដ្ឋកិច្ចកម្រិតទាប ជាពិសេសប្រទេសនៅទ្វីបអាហ្វ្រិកតែម្តង ដែលជាកន្លែងកប់សាកសពឡាន និងទុកឡានចាស់ៗដ៏ធំបំផុតនៅលើពិភពលោក។
គួរជម្រាបផងដែរថា ទោះបីជាប្រទេសបីខាងលើនេះកន្លងមកនាំឡានចាស់ៗទៅមែន ប៉ុន្តែវាអាចស្រ័យទៅលើកិច្ចព្រមព្រាងដែរ ក្រោយមកប្រទេសធំៗដែលជាសម្បុកផលិតឡាន បានព្យាយាមកាត់បន្ថយច្រើនលើការនាំចេញរថយន្តមួយតឹក ខណៈមានការរកឃើញថារថយន្តចាស់ៗទាំងនោះវាអាចបង្កអោយមានបញ្ហាសុខភាពខ្លាំងណាស់សម្រាប់ប្រជាជនរស់នៅក្នុងតំបន់នោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦