ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និង Grab ជាស៊ូភើអេប ឈានមុខគេនៅក្នុងអាស៊ីអាគ្នេយ៍ បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត ដាក់ដំណើរការមធ្យោបាយទូទាត់ប្រាក់បែបឌីជីថល តាមរយៈផ្លែតហ្វមទូទាត់ ABA PayWay។
តាមរយៈកិច្ចសហការនេះ ABA និង Grab នឹងផ្តល់នូវវិធីសាស្រ្តទូទាត់ដ៏ពេញនិយម និងសុវត្ថិភាព ជូនអតិថិជន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់។
កិច្ចសហការនេះដែរ ក៏បានណែនាំ មុខងារ Account-on-File (AoF) ដែលអនុញ្ញាតឲ្យអតិថិជន ភ្ជាប់គណនី ABA ចូលទៅក្នុងអេប Grab ដោយសុវត្ថិភាព សម្រាប់ការទូទាត់ដោយស្វ័យប្រវត្តិ។ នៅពេលដែលគណនី ABA ត្រូវបានភ្ជាប់រួចរាល់ អតិថិជនអាចទូទាត់ប្រាក់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនអាហារដោយរលូន ដោយមិនត្រូវអនុវត្តជំហានបន្ថែមឡើយ។ ការរួមបញ្ចូលនេះ បង្កើនភាពងាយស្រួល និងសុវត្ថិភាពទៅលើប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរាប់លាននាក់ទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះទៀត ផ្លែតហ្វមទូទាត់ ABA PayWay Plus គាំទ្រដោយដំណោះស្រាយ CyberSource របស់ Visa ត្រូវបានជ្រើសរើសជាច្រកទូទាត់ក្នុងស្រុកថ្មីរបស់ Grab សម្រាប់ដំណើរការរាល់ការទូទាត់តាមកាត នៅក្នុងប្រទេស។ ការផ្លាស់ប្តូរទៅប្រើប្រាស់ច្រកទូទាត់ក្នុងស្រុក បានបង្កើនការគ្រប់គ្រងប្រតិបត្តិការ និងទំនុកចិត្តរបស់ Grab ឲ្យកាន់តែប្រសើរឡើង ខណៈពេលដែលគាំទ្រវិធីសាស្រ្តទូទាត់ផ្សេងៗ ដូចជា Visa Mastercard និងកាត UPI ជាដើម។
លោក កាំង សុវណ្ណារ័ត្ន នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ “Grab តែងតែមានបេសកម្មក្នុងការជម្រុញ អាស៊ីអាគ្នេយ៍ទៅមុខជានិច្ច។ តាមរយៈការសហការជាមួយ ធនាគារ ABA យើងខ្ញុំកំពុងតែបោះជំហានដ៏សំខាន់ ឆ្ពោះទៅរកបទពិសោធន៍ការទូទាត់បែបឌីជីថលដ៏រលូន និងសុវត្ថិភាព ជូនដល់អតិថិជនគ្រប់រូប។ ភាពជាដៃគូនេះ ជាសក្ខីភាពលើការប្រឹងប្រែងរបស់យើងខ្ញុំ ដើម្បីផ្តល់នូវតម្លៃបន្ថែមដល់អតិថិជន។”
ធនាគារ ABA ដែលស្គាល់ជាធនគារនាំមុខក្នុងវិស័យធនាគារឌីជីថល បានបន្តនវានុវត្តដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ លោក Zokhir Rasulov នាយកសេវាធនាគារឌីជីថល មានប្រសាសន៍ថា៖ “យើងខ្ញុំ មានសេចក្តីរីករាយដែលបានសហការជាមួយ Grab ដើម្បីនាំយកដំណោះស្រាយការទូទាត់បែបឌីជីថលដ៏រលូន សុវត្ថិភាព និងងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ។ ភាពជាដៃគូនេះ គូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ក្នុងការពង្រឹងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ បង្កើនភាពងាយស្រួលដល់អតិថិជន និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស។”
លោកក៏បានបន្ថែមថា៖ “តាមការដាក់ដំណើរការមុខងារ Account-on-File របស់ ABA PayWay ទៅក្នុងអេប Grab យើងខ្ញុំកំពុងតែបង្កើនប្រតិបត្តិការប្រចាំថ្ងៃ ឲ្យកាន់តែរហ័ស និងងាយស្រួលដល់អ្នកប្រើប្រាស់រាប់លាននាក់។ យើងខ្ញុំនឹងបន្តបង្កើតនវានុវត្តជាមួយ Grab ក្នុងថ្ងៃអនាគត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងគាំទ្រដល់ដំណើរការផ្លាស់ប្តូរផ្នែកឌីជីថលរបស់ប្រទេសកម្ពុជា។”
ABA PayWay អនុញ្ញាតឲ្យអាជីវកម្មក្នុងប្រទេសកម្ពុជា ទទួលការទូទាត់តាមអនឡាញ ឬ នៅក្នុងហាងផ្ទាល់ ពីអេបធនាគារផ្សេងៗ និងកាតក្នុងស្រុក ឬកាតអន្តរជាតិ។ អតិថិជនអាចទូទាត់យ៉ាងងាយស្រួល ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈ ABAPAY, KHQR, Visa, Mastercard, UPI, JCB, Alipay និង WeChat។ ជាមួយ ABA PayWay ក្រុមហ៊ុនអាចតាមដានប្រតិបត្តិការតាមពេលវេលាជាក់ស្តែង និងទទួលអត្ថប្រយោជន៍ពីការរួមបញ្ចូលដែលអនុលោមតាមស្តង់ដា PCI DSS យ៉ាងសុវត្ថិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់គេហទំព័រ www.payway.com.kh.
អំពី Grab៖
Grab ជា ស៊ូភើអេប ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដំណើរការសេវាកម្មដឹកជញ្ជូន សេវាកម្មដឹកអ្នកដំណើរ សេវាកម្មក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។ បម្រើតម្រូវការក្នុងប្រមាណ 700 ទីក្រុងក្នុង 8 ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍– កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងរៀតណាម–Grab អនុញ្ញាតឲ្យអតិថិជនរាប់លាននាក់ ដាក់ទិញដូរគ្រឿងទេស និងអាហារ ផ្ញើរកញ្ចប់ ហៅតាក់ស៊ី ទូទាត់ការទិញអនឡាញ ឬប្រើប្រាស់សេវាកម្ចី និងធានារាប់រង នៅក្នុងអេបតែមួយ។ សម្រាប់ព័ត៌មានបន្ថែមទៅលើគម្រោងពង្រីករបស់ Grab និងកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា សូមទៅកាន់គេហទំព័រ www.grab.com/kh ឬ www.facebook.com/GrabKH
អំពី ABA៖
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ ធនាគារ ABA គឺជា បុត្រ សម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្ម ជាង 321 ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំង ពិភពលោក ។