ធនាគារ ABA និង foodpanda សហការភ្ជាប់ប្រព័ន្ធ និងផ្ដល់ភាពងាយស្រួល
Daneth MechJANUARY 11 2024

ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខនៅកម្ពុជា សហការណែនាំមធ្យោបាយទូទាត់បែបឌីជីថល តាម ABA PAY ទៅក្នុងអេប foodpanda ដើម្បីផ្ដល់ភាពងាយស្រួល និងបទពិសោធទូទាត់ប្រាក់កាន់តែចំណេញជូនអតិថិជន។

Photo 2024 01 11 10 59 34

ខណៈអតិថិជន ABA រាប់លាននាក់ និយមទូទាត់ដោយផ្ទាល់ពីស្មាតហ្វូនរបស់ពួកគាត់ ABA PAY បានក្លាយជាការបន្ថែមដ៏ប្រសើរមួយ ទៅក្នុងជម្រើសទូទាត់ប្រាក់ដែលមាននៅក្នុងអេប foodpanda ដូចជាសាច់ប្រាក់ និងកាតឥណពន្ធ/កាតឥណទាន។ការភ្ជាប់ប្រព័ន្ធ ABA PAY ធ្វើឲ្យអតិថិជន ABA ទូទាត់ប្រាក់សម្រាប់ការកម្មង់របស់ពួកគេនៅលើអេប foodpanda កាន់តែងាយស្រួល។ ប្រតិបត្តិការនីមួយៗត្រូវបានការពារដោយសុវត្ថិភាព និងទាមទារការអនុញ្ញាតប្រតិបត្តិការជាមួយលេខកូដ PIN របស់ ABA Mobile។

ពិធីដាក់ដំណើរការ ABA PAY ទៅក្នុងអេប foodpanda ត្រូវបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាល foodpanda។ ពិធីនេះ ត្រូវបានអញ្ជើញចូលរួមដោយអ្នកតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ ក្នុងនោះមានលោក Zokhir Rasulov នាយកឌីជីថល ABA និងលោក Achaya BC អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ foodpanda Cambodia។

Photo 2024 01 11 10 59 33

Photo 2024 01 11 10 59 36

លោក Zokhir Rasulov បានអធិប្បាយក្នុងឱកាសនោះថា “យើងខ្ញុំមានសេចក្ដីសោមនស្ស ក្នុងការប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ដ្រជាមួយ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខ ដែលអតិថិជន ABA ជាច្រើនពឹងផ្អែកលើការដឹកជញ្ជូនម្ហូបអាហារប្រចាំថ្ងៃ។ ជាមួយ ABA PAY ដែលបានដាក់បញ្ចូលទៅក្នុងអេប foodpanda ឥឡូវអតិថិជនរបស់យើង អាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងរហ័ស ព្រមទាំងលទ្ធភាពក្នុងការទទួលបានប្រូម៉ូសិន និងការបញ្ចុះតម្លៃផ្ដាច់មុខផងដែរ។”

លោកបានបន្ថែមថា “ការភ្ជាប់ប្រព័ន្ធនេះ អាចដំណើរការទៅបានដោយសារដំណោះស្រាយ ABA PayWay ដែលជាមធ្យោបាយទូទាត់ប្រាក់ឈានមុខរបស់ប្រទេស ដែលធានាដល់ប្រតិបត្តិការងាយស្រួល និងសុវត្ថិភាព។ ភាពជាដៃគូនេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ព្រោះថា ABA និង foodpanda ប្ដេជ្ញាពង្រឹងបទពិសោធទូទាត់ប្រាក់របស់អ្នកប្រើប្រាស់បន្ថែមទៀត ជាមួយនឹងគម្រោងក្នុងការណែនាំមធ្យោបាយទូទាត់បន្ថែមនៅពេលខាងមុខ។”

លោក Achaya BC នាយកប្រចាំប្រទេសនៃ foodpanda Cambodia ក៏បានមានប្រសាសន៍ផងដែរថា “កិច្ចការចម្បងរបស់យើង គឺតែងតែផ្តោតលើការផ្តល់គុណតម្លៃជូនអតិថិជន តាមគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន ។ ភាពជាដៃគូជាមួយ ABA PAY នេះ នឹងកាន់តែពង្រឹងដល់បេសកកម្មរបស់ foodpanda បន្ថែមទៀត ក្នុងការលើកទឹកចិត្តឲ្យអតិថិជនកាន់តែច្រើន សម្របទៅនឹងការទូទាត់ប្រាក់ឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ យើងជឿជាក់ថា ភាពជាដៃគូនេះក៏នឹងផ្តល់នូវបទពិសោធសេវាកម្មពេញលេញ និងរលូនដល់អតិថិជនរបស់យើងទាំង ABA PAY និង foodpanda ។ យើងនឹងរួមគ្នា បន្តអភិវឌ្ឍកិច្ចសហការរបស់យើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងផ្តល់នូវគុណតម្លៃ និងការពេញចិត្តរបស់អតិថិជនកាន់តែប្រសើរ”។ 

Photo 2024 01 11 10 59 35

ភាពជាដៃគូរវាង ABA និង foodpanda រួមចំណែកដល់ការអភិវឌ្ឍនៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយលើកកម្ពស់សង្គមដែលមិនប្រើសាច់ប្រាក់ ស្របតាមចក្ខុវិស័យរបស់កម្ពុជា សម្រាប់អនាគតឌីជីថលប្រកបដោយបរិយាបន្ន និងការតភ្ជាប់កាន់តែប្រសើរ។ តាមរយៈប្រតិបត្តិការមិនប្រើក្រដាសប្រាក់ និងការផ្តល់ជូននូវជម្រើសទូទាត់ដ៏ងាយស្រួល ប្រកបដោយសុវត្ថិភាព  ភាពជាដៃគូនេះលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្កើតសង្គមជាតិមួយ ដែលទូទាត់ដោយមិនប្រើក្រដាសប្រាក់។

នៅក្នុងដំណាក់កាលបន្តបន្ទាប់នៃភាពជាដៃគូនេះ ABA នឹងដាក់ចេញនូវជម្រើសការទូទាត់បន្ថែមទៀតសម្រាប់ជាអត្ថប្រយោជន៍ដល់អតិថិជន foodpanda ដូចជា មុខងារ Account On File ដែលអនុញ្ញាតឱ្យមានការទូទាត់ដោយចុចតែម្តង ដោយមិនចាំបាច់បញ្ចូលព័ត៌មានលម្អិតរបស់អតិថិជនម្តងហើយម្តងទៀត និងមុខងារ ABA KHQR ដែលផ្តល់នូវភាពងាយស្រួលកាន់តែច្រើន ក្នុងការទូទាត់ប្រាក់ពីធនាគារផ្សេងទៀតរបស់អតិថិជន ទៅកាន់គណនីអាជីវករ foodpanda ។

ជាមួយនឹងការបន្ថែមនូវមុខងារទាំងនេះ នាពេលខាងមុខ ការកុម្ម៉ង់អាហារ និងគ្រឿងទេស តាមរយៈក្រុមហ៊ុន foodpanda នឹងកាន់តែមានភាពរលូន និងជាទីពេញចិត្ត ហើយថែមទាំងពង្រឹងការប្តេជ្ញាចិត្តរបស់ដៃគូ ក្នុងការលើកកម្ពស់ការទូទាត់ដោយមិនប្រើក្រដាសប្រាក់ និងតាមបែបឌីជីថល នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia