នៅពេលដែលនិយាយអំពីទ្រព្យ ប្រហែលជាមនុស្សជាច្រើននឹងគិតត្រឹមតែមានលុយកាក់ច្រើន មានផ្ទះ មានឡាន តែប៉ុណ្ណោះ។ ប៉ុន្តែការពិតទៅ វាមិនមែនជាទ្រព្យដែលមានតម្លៃសំខាន់បំផុតនោះទេ ព្រោះនៅមានទ្រព្យសំខាន់ៗជាច្រើនទៀត ដែលវាមានតម្លៃថ្លៃជាងលុយតែមួយមុខទៅទៀត។ ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សជាច្រើនកំពុងផុងខ្លួនលង់ខុស លក់ទ្រព្យដែលមានតម្លៃបំផុតខាងក្រោម ដើម្បីប្ដូរជាមួយនឹងលុយ។
១. សុខភាព៖ សុខភាពជាទ្រព្យមានតម្លៃមហាសាល បើបាត់បង់វា នឹងយើងនឹងបាត់បង់នូវអ្វីៗគ្រប់យ៉ាង និងមិនអាចទទួលជោគជ័យក្នុងជីវិតនោះទេ។ សុខភាពប្រៀបបីដូចជាលេខ១នៅខាងមុខ ហើយអ្វីៗជាច្រើនទៀតគឺជាលេខសូន្យ។ ដូច្នេះប្រសិនបើបាត់បង់លេខ១ហើយ នោះអ្វីៗក៏លែងមានន័យដែរ។
២. សេរីភាព៖ ពេលខ្លះយើងមិនគួរលក់សេរីភាពខ្លួនឯងខ្លាំងពេក ដើម្បីប្ដូរជាមួយលុយកាក់ទ្រព្យសម្បត្តិខ្លាំងពេកនោះទេ ព្រោះជីវិតដែលគ្មានសេរីភាព គឺជាជីវិតដែលមិនសូវមានអត្ថន័យនោះទេ។ យើងអាចលក់សេរីភាពដើម្បីលុយបាន ប៉ុន្តែកុំលក់សេរីភាពយូរខ្លាំងពេកអី។
៣. សុភមង្គលផ្លូវចិត្ត៖ នៅពេលដែលមនុស្សលែងមានសុភមង្គលផ្លូវចិត្ត អារម្មណ៍មិនចេះស្កប់ស្កល់ រវល់តែខំរកប្រាក់ ជីវិតនោះជាជីវិតគួរឱ្យអាណិតអាសូរបំផុត។ ត្រូវចង់ចាំថា គោលដៅចុងក្រោយរបស់មនុស្សគឺការរស់នៅមានសុភមង្គលផ្លូវកាយផ្លូវចិត្តតែប៉ុណ្ណោះ។
៤. កេរ្តិ៍ឈ្មោះល្អក្នុងសង្គម៖ ទោះបីជាសល់លុយកាក់ មាសពេជ្រកែងកងច្រើនប៉ុណ្ណា ប៉ុន្តែបើសិនកេរឈ្មោះស្អុយរលួយក្នុងសង្គម ក៏រស់នៅមិនមានសុភមង្គលផងដែរ។ ពាក្យមួយឃ្លាគេបាននិយាយថា រស់នៅឱ្យគេស្រលាញ់ ចាកចេញឱ្យគេអាណិត។
៥. ពេលវេលា៖ ឆាកជីវិតមនុស្សខ្លីណាស់ ប៉ុន្តែបើសិនជាចំណាយពេលវេលាបានល្អ លើរឿងដែលត្រឹមត្រូវ និងសំខាន់បំផុត ការរស់នៅតែម្ដងគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែការខ្ជះខ្ជាយពេលវេលា ក៏មានន័យថាអ្នកកំពុងបណ្ដោយឱ្យជីវិតខ្ជះខ្ជាយឥតប្រយោជន៍ផងដែរ។
៦. ចំណេះដឹង៖ មនុស្សភាគច្រើនខ្វាយខ្វល់តែរឿងខ្វះលុយចាយវាយ ប៉ុន្តែមិនសូវមានមនុស្សច្រើនទេ ដែលខ្វល់ខ្វាយបារម្ភរឿងខ្វះចំណេះដឹង ជំនាញ ឬបទពិសោធន៍ជីវិត។ មិនខ្វល់ថាឈានដល់វ័យប៉ុណ្ណា ក៏ត្រូវតែបន្តការសិក្សារៀនសូត្រជាប់ជាប្រចាំ ព្រោះរឿងរ៉ាវនៅក្នុងជីវិត មិនដែលឈប់បង្រៀនយើងនោះទេ។
៧. គ្រួសារ៖ កុំខិតខំរកស៊ីរហូតភ្លេចតម្លៃគ្រួសារ កុំខំប្រឹងធ្វើការរហូតពិការបេះដូង។ អាស្រ័យហេតុនេះត្រូវចេះបែងចែកពេលវេលាជាមួយនឹងគ្រួសារជាទីស្រលាញ់អ្នកផង ព្រោះគ្រួសារមកពីពាក្យថាសុភមង្គលផងដែរ។
ជារួមមកវិញ លុយសំខាន់ ប៉ុន្តែមានទ្រព្យជាច្រើនទៀត ដែលមានតម្លៃថ្លៃជាងលុយ ដែលអ្នកគប្បីគួរត្រិះរិះពិចារណា និងមិនគួរបោះបង់វាចោលនោះទេ។ ចុះនាពេលបច្ចុប្បន្ននេះ តើអ្នកខំប្រឹងរាល់ថ្ងៃដើម្បីខំកសាងទ្រព្យសំខាន់ៗអ្វីខ្លះដែរ?
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 0963517713