ម៉ាត 7-Eleven ត្រូវបានមនុស្សទូទៅស្គាល់ថាជាម៉ាតដល់ល្បីឈ្មោះមួយ ដែលបានពង្រីកសាខាជាង ៧៨,០២៩ សាខានៅលើពិភពលោក ក្នុងចំណោមនោះក៏មានសាខាក្នុងប្រទេសកម្ពុជាយើងផងដែរ។ទន្ទឹមនឹងវត្តមានរកស៊ីនៅកម្ពុជា ម៉ាត 7-Eleven ត្រូវបានមនុស្សជាច្រើនច្រឡំថាយីហោមួយនេះជារបស់ប្រទេសថៃ តែតាមពិតទៅម៉ាតដ៏ល្បីល្បាញនេះបង្កើតឡើងដោយសហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់ Wikipedia បានឱ្យដឹងថា 7-Eleven ជាហាងលក់រាយដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dallas រដ្ឋ Texas។ ម៉ាតមួយនេះត្រូវបានបង្កើតឡើងដោយ John Jefferson Green នៅក្នុងឆ្នាំ ១៩២៧ ដោយបានដាក់ឈ្មោះថា C.Store ឈ្មោះនេះត្រូវបានគេសន្និដ្ឋានថាជាការបូកបញ្ចូលគ្នានៃឈ្មោះម្ចាស់ទីតាំងដំបូងរបស់ C.Store ដែលគាត់មានឈ្មោះថា Joe C. 'Jodie' Thompson។ព្រោះដើមឡើយ លោក Green ពុំមានកន្លែងសម្រាប់បើករកស៊ីឡើយ ប៉ុន្តែគាត់បានទៅពិភាក្សាជាមួយលោក Joe .C ដើម្បីសុំជួលកន្លែងសម្រាប់លក់ជាប្រភេទអាហារដូចជានំប៉័ង ទឹកដោះគោ និងពងមាន់ជាដើម។
ផ្តើមចេញពីការលក់អាហារជាប់នឹងហាងលក់ទឹកកកបានធ្វើឱ្យ C.Store អាចវិវត្តខ្លួនចេញពីហាងលក់គ្រឿងបរិភោគតូចតាចក្លាយជាងហាងល្បីឈ្មោះ និងបានប្តូរឈ្មោះប្តូរត្រកូលពី C.Store ក្លាយទៅជា 7-Eleven ក្នុងឆ្នាំ ១៩៤៧។ ម៉ាតមួយនេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍និងភាពល្បីល្បាញខ្លាំងនៅពេលដែល ហាងនេះចាប់ផ្តើមប្រតិបត្តិការ ការលក់របស់ខ្លួនចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១១យប់និងបានពង្រីកការលក់រហូតដល់ ២៤ម៉ោង ដែលជាប្រតិបត្តិការមិនធ្លាប់មានពីមុនមកនៅសហរដ្ឋអាមេរិក។
លុះរហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៥០ លោក John Thompson ចាប់ផ្តើមធ្វើការពង្រីកសាខា 7-Eleven ដោយផ្សារភ្ជាប់ជាមួយនឹងការបើកជាប់ជាមួយនឹងហ្គារាសសាំង ទៅកាន់រដ្ឋផ្សេងៗទៀតនៅសហរដ្ឋអាមេរិក ដូចជារដ្ឋ Virginia រដ្ឋ Maryland និងរដ្ឋ Pennsylvania ជាដើម។បន្តរហូតដល់ឆ្នាំ ១៩៦៥ 7-Eleven បានធ្វើការផ្លាស់ប្តូរការលក់ដោយបន្ថែមការលក់ជាប្រភេទភេសជ្ជៈនិងកាហ្វេក្នុងម៉ាតរបស់ខ្លួន ជាមួយនឹងការបម្រើសេវាកម្មដោយខ្លួនឯង។រហូតឆ្នាំ ១៩៩០ 7-Eleven បានបន្ថែមមុខងារថ្មីជាហូហែរដោយការដាក់បញ្ចូលនូវអាហារសម្រន់ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ទាំងនេះហើយដែលជាចំណុចទាក់ទាញបំផុតរបស់7-Eleven ដែលធ្វើយីហោនេះទទួលបានការគាំទ្រពីអតិថិជនរហូតមកដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២១ 7-Eleven បានពង្រីកសាខារបស់ខ្លួនបានជាង ៧៨,០២៩ នៅក្នុងចំណោម ១៩ ប្រទេសជុំវិញពិភពលោក។ក្នុងនោះដែរ ម៉ាត 7-Eleven ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាដំបូង នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ ដោយក្រុមហ៊ុន CP Group របស់ប្រទេសថៃ បានបើកហាង 7-Eleven ដំបូងគេនៅ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង