រដ្ឋបាលខេត្តក្រចេះ ចេញវិធានការ៦ចំណុច ឱ្យពលរដ្ឋប្រយ័.ត្ន ខណៈ៥ថ្ងៃទៀតអាចនឹងជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ
ធី ស្រីល័ក្ខSEPTEMBER 17 2024146 views

យោងតាមលិខិតរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហោះរាយខេត្តក្រចេះបានឱ្យដឹងថា ការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាថ្មីៗនេះបានឃើញថាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពបែបនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។

 

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នឹងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។ រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។

 

២. រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករណ៍ដោយ ក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្ត ឱ្យដល់ប្រជាពលរដ្ឋពិសេស ជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។

 

៣. រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយ ត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។

 

៤. មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រា និងផ្តល់ព័ត៌មាន បច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គរៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។

 

៥. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀនឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។

 

៦. ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និង ក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។

៣៤

អស្រ័យហេតុនេះ សូមមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួម អនុវត្តសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia