ប្រុងប្រ.យ័ត្ន! រឿង៥យ៉ាង បុគ្គលិ.កគួរតែរក្សាឱ្យល្អបំផុត នៅកន្លែងធ្វើការ បើមិនចង់មានបញ្ហាការងា.រ
Ping Chou EngJULY 23 20245.1 K views

អត្តចរិតនិងអាប្បកិរិយារបស់បុគ្គលិកនៅកន្លែងធ្វើការ អាចជះឥទ្ធិពលទាំងល្អនិងមិនល្អទៅលើអាជីពការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះដែរនេះគឹជារឿងទាំង៥យ៉ាង ផ្អែកតាមចិត្តវិទ្យា ដែលបុគ្គលិកគួររក្សាឱ្យល្អនិងមានដែនកំណត់នៅកន្លែងធ្វើការ ប្រសិនបើមិនចង់ឱ្យមានបញ្ហាប៉ះពាល់ដល់ការងារប្រចាំថ្ងៃ។

 

.  និយាយដើមគេ៖ ការនិយាយដើមគេក្នុងការិយាល័យគឺជាល្បែងដ៏គ្រោះថ្នាក់ដែលបុគ្គលិកគួររក្សាខ្លួននិងជៀសវាងធ្វើព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ភាពស្មោះត្រង់ និងវិជ្ជាជីវៈរបស់អ្នកនៅកន្លែងធ្វើការព្រោះពាក្យសម្តីរបស់អ្នកអាចឆ្លុះបញ្ចាំងពីអ្នកថា ជានរណាក្នុងជំនាញនិងអាជីពការងាររបស់អ្នក ពិសេសគឺក្រមសីលធម៌វិជ្ជាជីវៈ។

 

. រឿងផ្ទាល់ខ្លួន៖ យើងទាំងអស់គ្នាតែងមានបញ្ហាប្រឈមផ្ទាល់ខ្លួន មិនថាជាបញ្ហាគ្រួសារ បញ្ហាទំនាក់ទំនង ឬការតស៊ូនឹងផ្នែកហិរញ្ញវត្ថុនោះទេ​ ហើយជួនកាលតែងយកបញ្ហាទាំងនេះលាយឡំនឹងការងារ។ ប៉ុន្តែការយករឿងជីវិតផ្ទាល់ខ្លួនទាំងនេះទៅនិយាយក្នុងកន្លែងធ្វើការ អាចធ្វើឲ្យមានបន្ទាត់មិនច្បាស់លាស់រវាងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់អ្នក។

 

ដូច្នេះបុគ្គលិកគួរតែរក្សារឿងផ្ទាល់ខ្លួនឱ្យបានល្អ​និងមានដែនកំណត់ ព្រោះវាមិនត្រឹមតែរំខានអ្នកពីផ្តោតការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យមិត្តរួមការងាររបស់អ្នកមិនសប្បាយចិត្តនឹងស្តាប់ផងដែរ។

 

. ត្អូញត្អែរជារឿយៗ៖ ការត្អូញត្អែរអំពីការលំបាកឬបញ្ហាជាប្រចាំនៅកន្លែងធ្វើការ នឹងជះរូបភាព អ្នកខ្លួនឯងផ្ទាល់ថាជាមនុស្សអវិជ្ជមាន ជាមនុស្សដែលងាយប៉ះទង្គិចនិងរងគ្រោះ ងាយធ្វើបាប ហើយគ្មាននរណាម្នាក់រីករាយនឹងការនៅក្បែរមនុស្សត្អូញត្អែររាល់ថ្ងៃនោះទេ។

 

ដូច្នេះបុគ្គលិកគួរតែរក្សាអារម្មណ៍ឱ្យនឹងនរកុំត្អូញត្អែររាល់ថ្ងៃ ព្រោះវាអាចជះអារម្មណ៍អវិជ្ជមានដល់មនុស្សជុំវិញអ្នក មិត្តរួមការងារអាចធុញទ្រាន់នឹងមិនចង់ធ្វើការជាមួយអ្នក ជាពិសេសប៉ះពាល់ដល់ប្រសិទ្ធិការងាររបស់អ្នកផ្ទាល់់តែម្តង។

 

. បញ្ចេញអារម្មណ៍ច្រើន៖ ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ថ្ងៃ​មិនល្អនិង​មិន​ចុះសម្រុង​ជាមួយ​មិត្ត​រួម​ការងារ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញអារម្មណ៍ខកចិត្តផ្ទាល់ខ្លួនរបស់អ្នកនៅកន្លែងធ្វើការអាចត្រូវបានគេមើលឃើញថាអ្នកគ្មានវិជ្ជាជីវៈ និងក្មេងខ្ចី ដែលវាអាចបំផ្លាញកេរ្តិ័៍ឈ្មោះការងាររបស់បាន។  

 

ដូច្នេះនៅពេលដែលអ្នកបញ្ចេញអារម្មណ៍មិនសប្បាយចិត្តឬនិយាយមិនល្អពីមេរបស់អ្នក ទៅកាន់មិត្តរួមការងារនោះ ចូរប្រយ័ត្នអំពី​ព័ត៌មាន​ដែលអ្នកបាននិយាយ ព្រោះវាអាចឮ​ត្រឡប់​ទៅ​ដល់មេរបស់អ្នកវិញក៏ថាបានដែរ។

 

. ផែនការបន្ទាប់៖ ការចែករំលែកដោយបើកចំហអំពីផែនការបន្ទាប់របស់អ្នកប្រកបដោយមហិច្ឆតាធំនោះ អាចធ្វើឱ្យអ្នកមានគ្រោះថា្នក់ឬអាចប្រឈមនឹងការបញ្ឈប់ពីការងារដោយចេតនា ព្រោះថ្នាក់លើនឹងអាចចោទសួរពីភាពស្មោះត្រង់និង ការប្តេជ្ញាចិត្តរបស់អ្នកចំពោះតួនាទីបច្ចុប្បន្នរបស់អ្នក។

 

ដូច្នេះបុគ្គលិកគួរតែរក្សាមហិច្ឆតារបស់ខ្លួនឱ្យមានព្រំដែន និងផ្តោតលើការបង្ហាញការប្តេជ្ញាចិត្តរបស់អ្នកចំពោះតួនាទីដែលកំពុងមានក្នុងពេលបច្ចុប្បន្ន និងបន្តស្វែងរកភាពរីកចម្រើន តាមមហិឆ្ឆតារបស់អ្នកប្រកបដោយតុល្យភាព។

 

យ៉ាងណាមិញការរក្សាភាពឯកជននៅកន្លែងធ្វើការមិនមែនជារឿងអាក្រក់នោះទេ តែវាគឺជាការរក្សាលំហសម្រាប់បុគ្គលិក ជាចន្លោះដែលមិនត្រូវបានប៉ះពាល់ដោយការវិនិច្ឆ័យ ឬឥទ្ធិពលខាងក្រៅ ហើយវាគឺជាភាពឆ្លាតវៃមួយរបស់មនុស្សយើង ក្នុងការរស់នៅក្នុងជីវិតរបស់ខ្លួនឯង ដើម្បីទទួលបានក្តីសុខឬអាចចែករំលែកទៅកាន់អ្នកដទៃឱ្យបានដឹងតាមភាពជាក់ស្តែង៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia