កុំខឹងមេ! ហេតុផល៥នេះ ធ្វើឲបុគ្គលិ.ក ធ្វើកា.រយូរឆ្នាំហើយ មិនបានឡើងតំណែង
Ping Chou EngJULY 24 20241.4 K views

មិនថាអ្នកជាបុគ្គលិកមកធ្វើការលឿន ចេញយឺត ឬធ្វើការយូរខែឆ្នាំ មើលទៅឃើញថាស័ក្តិសមជាអ្នកដឹកនាំ ឬទទួលបានការតំឡើងឋានៈនៅកន្លែងធ្វើការនោះទេ ខណៈហេតុផលទាំង៥នេះហើយ ដែលអាចធ្វើឱ្យបុគ្គលិកដែលធ្វើការយូរឆ្នាំ មិនបានឡើងតំណែង ដោយកត្តានេះមិនមែនបណ្តាលមកពីមេអត់ចិត្តឬលម្អៀងមើលរំលងអ្នកទាំងស្រុងនោះឡើយ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីទស្សនាវដ្តី Forbes ។ 

 

ហេតុផលទី១. មិនដើរចេញពីតំបន់សុខស្រួល៖ ការដែលមិនហ៊ានសាកល្បងប្រកួតឬដើរចេញពីរង្វង់សុខស្រួលក៏ជាហេតុផលមួយដែលធ្វើឱ្យបុគ្គលិកខ្លះធ្វើការយូរឆ្នាំហើយមិនបានឡើងតំណែង ព្រោះពួកគាត់បន្តធ្វើការងារដដែលៗក្នុងរយៈពេលយូរ ចំណាយ​ពេល​ច្រើន​ក្នុង​តួនាទី​តែ​មួយ ជំនាញការងារនៅទ្រឹង​ មិនហ៊ានសាកល្បងការងារថ្មី ព្រោះខ្លាចពិបាក ខ្លាចគ្មានសមត្ថភាពធ្វើ និងមិនបានបន្តអភិវឌ្ឍន៍ខ្លួនលើជំនាញដែលក្រុមហ៊ុនត្រូវការ។

 

ហេតុផលទី២. ខ្វះការស្តែងចេញភាពជាអ្នកដឹកនាំ៖ ជាហេតុផលមួយដែលធ្វើឱ្យបុគ្គលិកខ្លះធ្វើការរាប់សិបឆ្នាំហើយមិនបានឡើងតំណែង ដូចអ្នកទើបតែមកក្រោយនោះ គឺអាចបណ្តាលមកពីបុគ្គលិកចាស់ខ្វះការស្តែងសកម្មភាពភាពជាអ្នកដឹកនាំ ឬគ្មានឈាមជាអ្នកដឹកនាំតែម្តង ទើបធ្វើឱ្យពួកគាត់មិនមែនជាជម្រើសស្ថិតនៅក្នុងបញ្ជីរបស់មេ ដើម្បីតំឡើងតំណែងឱ្យក្លាយជាអ្នកដឹកនាំ។

 

ហេតុផលទី៣. ខ្វះជំនាញគិតបែបស៊ីជម្រៅ៖ ការគិតបែបឡូជីក ឬគំនិតពិចារណាសមហេតុផល​ ជាជំនាញមួយដែលអ្នកដឹកនាំ​ខ្វះមិនបាន ដូច្នេះប្រសិនបើបុគ្គលិកធ្វើការយូរឆ្នាំហើយមិនមានជំនាញនេះទេ ក៏ជាហេតុផលដែលធ្វើឱ្យពួកគាត់ពិបាកឡើងតំណែងផងដែរ ពីព្រោះជំនាញគិតស៊ីជម្រៅនេះនឹងធ្វើឱ្យអ្នកដឹកនាំអាចធ្វើការបែបឆ្លាតវៃនិងមានលទ្ធផលខ្ពស់ជូនក្រុមហ៊ុន។

 

ហេតុផលទី៤. មិនបើកចិត្តទទួលមតិ៖ អ្នកដឹកនាំគឺជាមនុស្សដែលអាចបើកចិត្តទទួលយកទាំងមតិស្របនិងមតិផ្ទុយ ពោលគឺទាំងវិជ្ជមាននិងអវិជ្ជមាន។ ដូច្នេះប្រសិនបើបុគ្គលិកខ្លះដែល មានអត្តចរិតឆាប់ខឹងច្រលោត ក្រអឺតក្រទមជាមនុស្សទឹកពេញកែវ ដោយមិនទទួលយកមតិកែលម្អចំពោះការងារពីអ្នកដទៃ ក៏ហេតុដែលធ្វើឱ្យបុគ្គលិកធ្វើការយូរឆ្នាំហើយមិនបានឡើងតំណែងដែរ។

 

ហេតុផលទី៥. មិនហ៊ានសុំចរចារត្រង់ៗ៖ មេពេលខ្លះក៏មិនមែនជាគ្រូទាយ រង់ចាំមើលបុគ្គលិកមអោនមុខឈ្ងោក​ប្រឹងប្រែង​ធ្វើការ​ ក៏ជាហេតុផលដែលធ្វើឱ្យបុគ្គលិកធ្វើការយូរឆ្នាំបាត់ឱកាសឡើងតំណែងដែរ ពីព្រោះពួកគាត់មិនក្លាហានបង្ហាញឆន្ទៈនិងការបេ្តជ្ញាចិត្ត ចំពោះតួនាទីនិងការងារដែលពួកគាត់ប៉ងធ្វើនោះឡើយ ហើយពេលខ្លះមេក៏អាចយល់ច្រឡំថា​​អ្នកគ្មានមហិច្ឆតាក្នុងការដឹកនាំនរណានោះដែរ ដោយសារតែការមិននិយាយបើកចំហ​ឬការបង្ហើបឱ្យដឹងនេះឯង។

 

យ៉ាងណាមិញប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា អាជីពការងាររបស់អ្នកនៅទ្រឹងមួយកន្លែង ធ្វើការយូរឆ្នាំហើយមិនរីកចម្រើន វាប្រហែលជាដល់ពេលហើយ ដែលអ្នកត្រូវប្តូរការងារសកម្មភាពការងារថ្មី ឬទៅធ្វើការនៅស្ថាប័នផ្សេងទៀត ខណៈការផ្លាស់ប្តូរគឺពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែវាជាការស្វែងរកបរិយាកាសថ្មី ដែលអ្នកអាចរីកចម្រើនបានលឿន ព្រោះពេលខ្លះអ្នកអាចខំខុសកន្លែងក៏ថាបាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia