នៅសល់តែប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលនឹងត្រូវផុតកំណត់ហើយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលខកខានមិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា ត្រូវប្រឈមនឹងទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ជាមួយគ្នានោះដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អ្នកជាប់ពន្ធត្រូវដឹងពីចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១. សហគ្រាសត្រូវបានដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-Tol e-Filling) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ។
២. សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។
៣. សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថាន ជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាសត្រូវប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ ព្រមទាំងតារាងទ្រព្យសកម្ម រយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក "សាខាសហគ្រាសក្នុងស្រុក ។
៤. ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំជំនួសអ្នកជាប់ពន្ធត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិកចំពោះបុគ្គលិកក្រុមហ៊ុន ឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។
៥. គ្រប់សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)៕