កុំចង់គេចវេះ! អ្នកជំនាញប្រាប់ចំៗ អ្នកជំពាក់លុ.យគេមិនចង់សង អាចជួបបញ្ហាធំៗទាំង៥នេះ
Kan DaraMARCH 6 20251.5 K views

ការខ្ចីលុយ មានច្រើនទម្រង់រវាងកូនបំណុល និងម្ចាស់បំណុលដូចជា ពីធនាគារ ដៃគូរអាជីវកម្ម អ្នកស្គាល់គ្នា ឬបងប្អូនក្រុមគ្រួសារជាដើម ហើយសកម្មភាពនេះប្រៀបបានទៅនឹងកាំបិទមុខពីរ ប្រសិនបើកូនបំណុលគេចវេះមិនព្រមសងទៀតនឹងប្រឈមហានិភ័យកាន់តែខ្លាំង។ ជុំវិញរឿងនេះ លោក Ray Dalio ស្ថាបនិកនៃ Bridgewater Associates បានបង្ហាញពីបញ្ហាធំៗ៥ ដែលកូនបំណុលអាចប្រឈម៖

 

១/. បាត់បង់ទំនាក់ទំនង៖ ការឲ្យលុយគ្នាខ្ចីកើតឡើងពីទំនុកចិត្ត និងភាពជឿជាក់ដែលភាគីទាំងសងខាងមានចំពោះគ្នាទៅវិញទៅមក។ ករណីខ្លះដោយសារមនោសចេតនា និងការរាប់អាន ឬដោយទឹកចិត្តទើបម្ចាស់បំណុលសម្រេចចិត្តឲ្យកូនបំណុលខ្ចី ដោយរំពឹងថាកូនបំណុលនឹងធ្វើតាមការសន្យារបស់ខ្លួនដែលទទួលស្គាល់ដោយភាគីទាំងពីរ។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមរត់គេចមិនចង់សង ឬមានលេសជាបន្តបន្ទាប់ នោះវាជាអារុធបំផ្លាញទឹកចិត្ត និងកាត់ផ្តាច់ទំនាក់ទំនងរបស់អ្នកយ៉ាងផុតស្រួយជាទីបំផុត ដូចពាក្យមួយឃ្លាបានលើកឡើងថា៖ «ការឲ្យលុយគ្នាខ្ចីគឺជាហានិភ័យនៃទំនាក់ទំនង»

 

២/. ខូចកិត្តិយស កេរ្តិ៍ឈ្មោះមិនល្អ៖ អ្នកនឹងជាប់ឈ្មោះមិនល្អតាមរយៈការកត់សម្គាល់លើលក្ខណសម្បត្តិនៃ ភាពមិនស្មោះត្រង់ មិនមានទំនួលខុសត្រូវ ឬជាមនុស្សមិនគួរឲ្យទុកចិត្តជាដើម។ ដូច្នេះចូរកុំឲ្យលុយតិចតួចមកបង្អាប់តម្លៃ ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់អ្នក ព្រោះវាជារបស់មួយដែលពិបាកកសាងបំផុត។

 

៣/. ប្រឈមនឹងផ្លូវច្បាប់៖ អ្នកមានហានិភ័យខ្ពស់ប្រឈមមុខជាមួយផ្លូវច្បាប់នៅពេលដែលអ្នកមិនព្រមដោះស្រាយហើយព្យាយាមរត់គេច នោះផ្លូវច្បាប់នឹងត្រូវបានអនុវត្តតាមរយៈពាក្យបណ្តឹងរបស់ម្ចាស់បំណុល។ ក្នុងនោះ «ការខ្ចីប្រាក់ ឬ ចងការប្រាក់» ជាបទល្មើសរដ្ឋប្បវេណី តែបើកូនបំណុល គេចវេះមិនសង គឺជាបទល្មើសព្រហ្មទណ្ឌ ឆបោក រំលោភសេចក្ដីទុកចិត្ត មាត្រា 377-378 -391-392 ជាប់ឃុំពី ៦ខែ ដល់ ៣ឆ្នាំ ចេញពីឃុំវិញ នៅតែបន្តសងម្ចាស់បំណុលដដែល។

 

៤/. ប្រឈមនឹងការគំរាមកំហែង៖ នៅពេលដែលដំណោះស្រាយតាមសន្តិវិធីអនុវត្តពុំមានប្រសិទ្ធភាព នោះគឺជាកម្លាំងចលករមួយដែលជំរុញឲ្យមានការកើតឡើងនូវអំពើប្រព្រឹត្តទៅដោយការមិនពេញចិត្ត ឬការបង្ខំចិត្តទាំងចិត្តមិនចង់ ពោលអាចជាការគំរាមកំហែងជាដើម។ ក្នុងនោះ ករណីនេះកើតឡើងក្នុងកម្រិតភាគរយតិចតួចបំផុត ដែលភាគច្រើនមានតែចំនួនលុយច្រើន ឬបញ្ហាស្មុគស្មាញដោះស្រាយមិនចេញប៉ុណ្ណោះ។

 

៥/. អាចកើតជំងឺផ្លូវចិត្ត៖ តាមការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលអ្នកព្យាយាមគេចវេះ ឬបំភ្លេចអ្វីមួយ អ្នកនឹងគិតពីវាកាន់តែខ្លាំង។ ហេតុដូចនេះវាអាចធ្វើឲ្យផ្លូវចិត្តរបស់អ្នករងផលប៉ះពាល់ និងដាក់សម្ពាធនៃការគិតរបស់ខ្លួន​ឯងកាន់តែខ្លាំងផងដែរ។ ជាមួយគ្នានេះ អ្នកមិនអាចធ្វើការផ្តោតអារម្មណ៍បានល្អ រស់នៅជាមួយការភ័យខ្លាច មិនមានភាពច្បាស់លាស់ និងបង្កភាពតានតឹងកាន់តែខ្លាំង។

 

យ៉ាងណាមិញ​ ការរត់គេចពីបំណុលពុំមែនជាមធ្យោបាយល្អឡើយ អ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយ និងផ្លូវចេញដ៏ល្អប្រសើរ។ ដូច្នេះចូរស្វះស្វែងរកវិធីសាស្ត្រឲ្យមានប្រសិទ្ធភាពតាមដែលខ្លួនអាចធ្វើបាន ប្រសិនបើអ្នកព្យាយាមអស់លទ្ធិភាពហើយនៅតែរកច្រកចេញមិនឃើញទៀត អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានប្រឹក្សាយោបល់ ឬយុទ្ធសាស្ត្រដើម្បីដោះស្រាយអ្វីដែលអ្នកកំពុងមានបញ្ហាប្រឈម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia