មានជំនាញច្បាស់លាស់មួយ ដូចមានម៉ាស៊ីនផលិតលុយជាប់ខ្លួន ជាពិសេសចេះអ្វីដែលទីផ្សារការងារកំពុងត្រូវការខ្លាំង។ ខាងក្រោមនេះ គឺជាជំនាញចំណូលខ្ពស់ទាំង៥ ប្រចាំឆ្នាំ២០២៥ មានវិញ្ញាបនបត្របញ្ជាក់ការសិក្សា រៀនដោយឥតគិតថ្លៃក្នុងរយៈពេលខ្លី ហើយឆាប់ចេញរកលុយបានទៀត៖
១/. ទីផ្សារមាតិការ (Content Marketing)៖ HubSpot Academy ផ្តល់ជូននូវវគ្គសិក្សា និងវិញ្ញាបនបត្រផ្នែកលក់ ទីផ្សារ និងទីផ្សារមាតិការ ដោយឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីជួយជំរុញជំនាញទីផ្សារឌីជីថល ការបង្ហាញខ្លួនលើអនឡាញ និងការបង្កើតប្រាក់ចំណូលរបស់អ្នក។
២/. វិជ្ជាជីវៈទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Marketing Professional)៖ ក្រុមហ៊ុនសម្បុកបច្ចេកវិទ្យាយក្ស Meta ផ្តល់ជូននូវវគ្គសិក្សា ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្តោតលើប្រធានបទជាក់លាក់មួយចំនួន។ ប៉ុន្តែវគ្គសិក្សានេះមាននៅលើ Coursera ដែលអ្នកអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ដើម្បីក្លាយជាអ្នកគ្រប់គ្រងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយវិជ្ជាជីវៈ។
៣/. ការណែនាំអំពី HTML និង CSS (Introduction To HTML And CSS)៖ CSS ត្រូវបានប្រើប្រាស់ជាចាំបាច់នៅក្នុងការរចនាវ៉ិបសាយនីមួយៗ ពីព្រោះវាអនុញ្ញាតឲ្យ Developer ងាយស្រួលក្នុងការត្រួតពិនិត្យមើល Style និង Layout របស់ទំព័រនានាជាច្រើន ក្នុងទម្រង់តែមួយ (ដូចគ្នាត្រង់ Header និង Footer ជាដើម) ខណៈជំនាញនេះកំពុងត្រូវការខ្លាំង។ ឥឡូវនេះអ្នកអាចចុះឈ្មោះចូលរៀនវគ្គ ការណែនាំអំពី HTML និង CSS នៅលើ Udacity ដោយឥតគិតថ្លៃ និងពេលណាក៏បាន។
៤/. បង្កើតហាងអនឡាញដំបូង (Dropshipping 101)៖ ប្រសិនបើអ្នកចង់ចាប់ផ្តើមការរកស៊ីក្នុងពិភពពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានផលិតផលរាប់លានមុខ ជាមួយទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក្តីស្រមៃរបស់អ្នកបានក្លាយជាការពិតហើយ។ វេទិកា Shopify Academy បានបង្កើតវគ្គសិក្សានេះជាមួយនឹងមូលដ្ឋានគ្រឹះទាំងអស់ដែលអ្នកត្រូវការដើម្បីបង្កើត និងបើកដំណើរការហាងរបស់អ្នកដោយប្រើ Dropshipping។ អ្នកអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ចាប់ពីពេលនេះតទៅ។
៥/. មូលដ្ឋានគ្រឹះ Adobe Illustrator (Adobe Illustrator Basics for Beginners)៖ ប្រសិនបើចង់ក្លាយជាអ្នករចនាក្រាហ្វិច ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណានោះ វេទិការបស់ Skillshare មានវគ្គបណ្តុះបណ្តាលទាំងស្រុង និងផ្លូវសិក្សាដើម្បីជួយអ្នករៀនជំនាញ Adobe Illustrator។ វគ្គសិក្សាពិសេសនេះបង្រៀនអំពីមូលដ្ឋានគ្រឹះនៃ Illustrator និងសិក្សាដោយឥតគិតថ្លៃ។
យ៉ាងណាមិញ ជំនាញទាំង៥ខាងលើនេះ គឺជាជំនាញកំពុងត្រូវប៉ាន់ខ្លាំងក្នុងសម័យបច្ចេកវិទ្យា បើអ្នកចេះច្បាស់មិនខ្វះទេទីផ្សារការងារ ហើយរកប្រាក់ចំណូលបានច្រើនទៀតផង ដូចក្នុង “ច្បាប់ក្រមង៉ុយ“ បានចែងថា៖ «បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook