ចិត្តវិទ្យា៖ ចង់ពូកែ​ មានគំនិតឆ្លាតឈ្លាសវៃ មនុស្សត្រូវជៀសវាង សកម្មភាពទាំង៥នេះឱ្យបានឆាប់
Ping Chou EngJUNE 5 20241.9 K views

ក្រៅអំពីការសិក្សារៀនសូត្រនៅសាលាដើម្បីទទួលបានចំណេះដឹងនិងពូកែលើមុខជំនាញ សកម្មភាពនិងទម្លាប់រស់នៅក៏បានដើរតួនាទីយ៉ាងសំខាន់ ដែលធ្វើឱ្យភាពឆ្លាតវៃរបស់មនុស្ស មានទាំងការកើនឡើងនិងចុះខ្សោយផងដែរ។ដូច្នេះបើតាមការស្រាវជ្រាវចិត្តវិទ្យាបានឱ្យដឹងថាសកម្មភាពធំៗចំនួន៥ខាងក្រោមនេះ អាចទាញឱ្យបញ្ញាមនុស្សធ្លាក់ចុះបាន ហើយប្រសិនបើបុគ្គលម្នាក់ចង់ឱ្យខ្លួនមានគំនិតឆ្លាតវៃនិងមុតស្រួចជាងមុនត្រូវប្រញាប់កែប្រែជាបន្ទាន់។

. ធ្វើការងារច្រើនក្នុងពេលតែមួយ៖ ​យើងទាំងអស់គ្នាប្រហែលជាធ្លាប់ធ្វើកិច្ចការច្រើន ក្នុងពេលតែមួយដើម្បីឱ្យការងារឆាប់ហើយឬចាយពេលតិច។ ប៉ុន្តែបើតាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ អាចកាត់បន្ថយផលិតភាពរការងាររបស់មនុស្សហូតដល់ ៤០% ដោយវានឹងធ្វើឱ្យបាត់បង់ការផ្តោតអារម្មណ៍ និងថាមពលផ្លូវចិត្តផ្លូវកាយ ច្រើនជាងធម្មតា។

ដូច្នេះប្រសិនបើអ្នកកំពុងព្យាយាមរក្សាចិត្តគំនិតវៀងវៃនិងឱ្យមុតស្រួចជាងមុនសូមសាកល្បងកិច្ចការតែមួយ ផ្តោតលើកិច្ចការមួយក្នុងពេលតែមួយ មុននឹងបន្តទៅកិច្ចការបន្ទាប់ៗទៀត។

. មិនទទួលទានអាហារពេលព្រឹក៖ អាហារពេលព្រឹកបានទទួលងារជាអាហារសំខាន់បំផុតនៃថ្ងៃ ហើយការរំលងមិនទទួលអាហារពេលព្រឹកជាញឹកញាប់អាចនាំឱ្យមនុស្សមានបញ្ហាការចងចាំ និងខ្សោយការគិត។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Matt Barker បានឱ្យដឹងថាអ្នកដែលញ៉ាំអាហារពេលព្រឹកទៀងទាត់មានទំនោរនៃការផ្តោតអារម្មណ៍ខ្ពស់ និងពូកែដោះស្រាយបញ្ហាជាងបើធៀបទៅនឹងអ្នកដែលមិនញុំាអាហារពេលព្រឹក។

ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានផលិតភាពការងារ មានការចងចាំល្អ ចូរកុំរំលងអាហារពេលព្រឹកដែលសម្បូរដោយជីវជាតិនិងជៀសវាងញុំាច្រើនជ្រុល។

. គេងឬសម្រាកមិនគ្រប់គ្រាន់៖ ការគេងមិនលក់ឬសម្រាកមិនគ្រប់គ្រាន់តាមវ័យរបស់មនុស្សម្នាក់ៗក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យមនុស្សខ្សោយការចងចាំ និងភាពអសកម្មនៃប្រតិកម្មរបស់ខួរក្បាលផងដែរ ពីព្រោះការគេងគឺជាពេលវេលាដែលខួរក្បាលរបស់អ្នកបានសម្រាក និងបំពេញកម្លាំងរស់រវើកដល់រាងកាយឡើងវិញ។

ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានបញ្ញាឆ្លាតវៃ ត្រូវរៀបចំការគេងឱ្យបានគ្រប់គ្រាន់ ស្របតាមអាយុនិងវ័យរបស់លោកអ្នក ដោយជាទូទៅមនុស្សពេញវ័យចាប់ពីអាយុ១៨-២៥ឆ្នាំ គួរមានការគេងយ៉ាងហោចចាប់ពី៦-៨ម៉ោង/ក្នុង១ថ្ងៃ។ ដោយឡែកសម្រាប់អ្នកមានបញ្ហាគេងមិនលក់រុំារ៉ៃសូមពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់។

. ប្រើបណ្តេញសង្គមលើសលប់៖ បច្ចុប្បន្នបណ្តេញសង្គមបានអូសទាញការផ្តោតអារម្មណ៍និងលេបត្របាក់ការគ្រប់គ្រងពេលវេលារបស់មនុស្ស។ ចំពោះការប្រើប្រាស់បណ្តេញសង្គមលើសពី៣ ម៉ោងជាប់គ្នាៗក្នុងមួយថ្ងៃ ដោយពុំបានទាញប្រយោជន៍មកវិញ វេជ្ជបណ្ឌិតជំងឺទូទៅអាមេរិកបានធ្វើការបង្ហាញថា សកម្មភាពនេះនឹងធ្វើឱ្យមនុស្សប្រឈមជាមួយហានិភ័យ នៃរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងខួរក្បាលស្ពឹកស្រពន់។

ដូច្នេះប្រសិនបើលោកអ្នកចង់មានខួរក្បាលឆ្លាតវៃ សូមកុំចំណាយពេលវេលាច្រើនលើសពី២ម៉ោងក្នុង១ថ្ងៃជាមួយបណ្តាញសង្គម ខណៈការលើកឡើងមួយរបស់ The Medium បានឱ្យដឹងថាមនុស្សដែលមិនចំណាយពេលលើសពី២ម៉ោងក្នុង១ថ្ងៃលើបណ្តាញសង្គម នឹងចំណេញពេលវេលាស្មើនឹង១៧ឆ្នាំក្នុងជីវិត ដើម្បីធ្វើរឿងផ្សេងៗទៀត។

. មិនចុះចំណោមសង្គម៖ មានមនុស្សជាច្រើនកំពុងប្រឈមមុខជាមួយភាពឯកា ដោយសារពួកគេខ្លាចមនុស្សនិងមិនហ៊ានធ្វើទំនាក់ទំនងសង្គម។ ក្នុងនោះការស្រា​វជ្រាវដូចៗគ្នាជាច្រើនក៏បានរកឃើញថាសកម្មភាព នៃការដាក់ខ្លួនដាច់ដោយឡែក គេចពីចំណោមសង្គម អាចធ្វើឱ្យមនុស្សខ្សោយបញ្ញានិងការយល់ដឹង។

ដូច្នេះដើម្បីពង្រីកចំណេះដឹងនិងភាពឆ្លាតវៃ ការចូលរួមសកម្មភាពសង្គមជាមួយអ្នកដទៃ ការចែករំលែក ផ្លាស់ប្តូរគំនិតនិងអារម្មណ៍ នឹងធ្វើឱ្យមនុស្សមានបញ្ញាខ្ពស់ មានជំនាញសង្គមផ្សេងៗ ដូចជាជំនាញវិភាគនិងការដោះស្រាយបញ្ហាចំពោះមុខជាដើម។

ជាការពិតក្រៅអំពីការអភិវឌ្ឍន៍ជំនាញដោយប្រើប្រព័ន្ធសិក្សា សុមាលភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយក៏ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងការដុសខាត់បញ្ញាផងដែរ ដូច្នេះដើម្បីដោះស្រាយបញ្ហាខ្សោយបញ្ញាលើសមត្ថភាពរៀនសូត្រជំនាញ មនុស្សក៏ត្រូវដោះស្រាយបញ្ហាចំពោះទម្លាប់ប្រចាំថ្ងៃផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia