ក្រោយពីសម្តេច ហ៊ុន ម៉ាណែត ទៅគោះទ្វារនៅអឺរ៉ុប ពេលនេះមានក្រុមហ៊ុនល្បីៗទាំង៥ កំពុងចង់មកវិនិយោគនៅកម្ពុជា
ធី ស្រីល័ក្ខJANUARY 16 20241.5 K views

នេះគឺជាពន្លឺដ៏ត្រចះត្រចង់មួយសម្រាប់ឆ្នាំថ្មី ២០២៤ ខណៈពេលដែលក្រោយសម្តេច ហ៊ុន ម៉ាណែត ទៅគោះទ្វារនៅតំបន់អឺរ៉ុប នាពេលនេះមានក្រុមហ៊ុនល្បីៗរហូតដល់ទៅ ៥ ដោយមានក្រុមហ៊ុនដូចជា៖ VINCI Group, Blue Circle,TotalEnergies ,Orange Group,EDF បានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជាផងដែរ។

 

ជាក់ស្តែង នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Nicolas Notebaert ដែលជាអគ្គនាយកក្រុមហ៊ុន VINCI Group ក៏ជម្រាបជូនទៅកាន់សម្តេចធិបតីថា ក្រុមហ៊ុន VINCI គឺមានគម្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។

១១

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Blue Circle ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ  ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ នៅកម្ពុជាផងដែរ ដោយក្រុមហ៊ុននេះធ្លាប់បានទៅសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន ហើយក៏បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។

 

បន្ថែមលើនេះផងដែរ លោក Olivier Duguet ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន  និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ។

12

លើសពីនេះទៅទៀត​ ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល  អគ្គីសនីផងដែរហើយក្រុមហ៊ុន TotalEnergies ក៏បានបង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ។

១៨

ក្រៅពីក្រុមហ៊ុនខាងលើ សូម្បីតែក្រុមហ៊ុន Orange Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់បារាំង ដែលមានបម្រើសេវាកម្មផ្នែក សេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ។ ហើយថ្មីៗនេះ ក្រុមហ៊ុនទូរគមនាគមន៍ធំមួយនេះបានបង្ហាញពីចំណាប់អារម្មណ៍ចង់មកបណ្តាក់ទុនរកស៊ីនៅខ្មែរផ្នែកបច្ចេកវិទ្យា។

 

ថ្លែងក្នុងឱកាសសម្តែងជួបគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group បានបង្ហាញការចា​ប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា។

១៥

គួរបញ្ជាក់ថា ក្រោយពីក្រុមហ៊ុន ៤ ខាងលើបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក៏មានក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន EDF ក៏បានបង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា។ លោកស្រី Makreeta បានជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន បាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលនេះនៅកម្ពុជា ៕

១៦

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia