បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើការយកចិត្ដទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគម្រោងជាច្រើនទាំងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក និងស្ពានជាដើម។ ក្នុងនោះគេសង្កេតឃើញថា មានគម្រោងធំៗមួយចំនួនត្រូវបានបញ្ចប់ការសិក្សា និងរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។
ពេលនេះ Business Cambodia នឹងលើកយកគម្រោងគ្រាក់ៗចំនួន ៤ ដែលត្រូវសិក្សារួចរាល់ និងរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់៖
១. គម្រោងព្រែកជីកហ្វូណនតេជោ
គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលបានសម្រេចអនុម័តរួចរាល់ហើយ ដោយប្រើប្រាស់ថវិកាប្រមាណ១៧០០លានដុល្លារ។
តាមការសិក្សាបង្ហាញថា គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រេកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។
២. ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងផ្លូវល្បឿនលឿនទី២នេះបច្ចុប្បន្នត្រូវបានសិក្សាចប់សព្វគ្រប់ហើយផងដែរ ដោយនៅរង់ចាំតែថ្ងៃបើការដ្ឋានសាងសង់តែប៉ុណ្ណោះ។ តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿននេះ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមការសិក្សា គម្រោងផ្លូវថ្មីនេះមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។
គម្រោងនេះនឹងចំណាយថវិកាសាងសង់ចំនួន ១,៣៥ ពាន់លានដុល្លារ ដែលទទួលការវនិយោគ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ CRBC របស់ចិន។ តាមការគ្រោងទុកនៅពេលបើការដ្ឋានសាងសង់គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
៣. គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់
សម្រាប់គម្រោងស្ពានថ្មថ្មីដែលគ្រោងនឹងសាងសង់ឆ្លងកាត់ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីចាក់អង្រែទៅព្រែកប្រានេះ ត្រូវបានសិក្សារួចរាល់ហើយ ដោយស្ពាន១ខ្សែនេះគឺមានប្រវែង ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។
តាមការបញ្ជាក់ ដើម្បីជួយសម្រួលការកកស្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញគ្រោងដំឡើងស្ពានដែក ឆ្លងទន្លេបាសាក់តភ្ជាប់ពីតំបន់ព្រែកប្រាឆ្លងមកចាក់អង្រែ ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ មុនពេលស្ពានថ្មថ្មីលេចរូបរាងនាពេលខាងមុខ។
៤. គម្រោងផ្លូវរថភ្លើងល្បឿនលឿន
គម្រោងសាងសង់លើកកម្រិតផ្លូវរថភ្លើងធម្មតា ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនទី១នៅកម្ពុជា តភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។
ក្រុមហ៊ុន CRBC បានបញ្ជាក់ថា តាមការសិក្សាបឋម គម្រោងរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។
អត្ថបទដោយ៖ ឌឿក ស្រីនុត