គិតត្រឹមចុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ២.៤២៥រោងចក្រ ក្នុងឧស្សាហកម្មសំខាន់ៗដូចជា កាត់ដេរ អេឡិចត្រូនិក និងកសិកម្ម ខណៈភាគច្រើនស្ថិតក្នុងតំបន់ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តស្វាយរៀង។
ក្នុងនោះរោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦រោងចក្រ និងរោងចក្រធុនធំបិទទ្វារមាន ២៦រោងចក្រ។ ចំណែកឯកម្លាំងពលកម្ម មានសរុបជាង ១,១លាននាក់ កើនឡើង ១១ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ទោះបីជាសេដ្ឋកិច្ចសកលមានបញ្ហាប្រឈមខ្ពស់ក៏ដោយ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ ៨.៥% ក្នុងកំណើនសេដ្ឋកិច្ច និងត្រូវបានព្យាករថានឹងកើនឡើងដល់ ៨.៦% នៅឆ្នាំ២០២៥៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook