ភាសាអង់គ្លេសនិងភាសាចិនបានក្លាយជាទម្រង់សិក្សាលេចធ្លោមួយក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ បើយើងចេះភាសាច្បាស់នៅពេលចេញធ្វើការ ឬបើកការរកស៊ីត្រូវចេញទៅក្រៅប្រទេសនោះ មិនបាច់ភ័យច្រើននោះទេ ព្រោះការចេះភាសាលើសពីការយល់ដឹងផ្នែកអក្សរទៀតនោះគឺវប្បធម៌របស់គេ ។
យ៉ាងណាមិញសម្រាប់បងប្អូនដែលចង់រៀនភាសាពីមិនចេះសោះ រហូតដល់ចេះរត់មាត់ អាចរៀនតាមវេបសាយនិងអេបចំនួន៤ខាងក្រោមនេះបាន ដោយមុខងារអនឡាញទាំងនេះមានផ្តល់ការបង្រៀនដោយឥតគិតថ្លៃ មានត្រឹមតែទូរស័ព្ទ១ក៏រៀនបានដែរ មិនអស់លុយមួយកាក់មួយសេនថ្លៃបង់សិក្សា៖
១. Yoyo Chinese ៖ គឺជាវេបសាយដែលមានមេរៀនវីដេអូជាដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើមរៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យម ខណៈវេបសាយមួយនេះឡឺបង្រៀនផ្តោតលើភាសាចិនទូទៅ និងការលើកដាក់សម្លេងក្នុងភាសាចិន។
២. ChinesePod ៖ គឺជាវេបសាយមួយសម្រាប់អ្នកធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើការពង្រឹងការស្តាប់ និងការសន្ទនាជាភាសាចិន។
៣. HelloChinese ៖ គឺជាអេបមួយដែរ ដែលពិសេសសម្រាប់អ្នកចង់សិក្សាភាសាចិនកុងងឺ ភីងអ៊ីង និងតួអក្សរ ព្រមទាំងមានបង្រៀនពីវប្បធម៌ថែមទៀតផងសម្រាប់អ្នកមិនចេះអ្វីសោះពីភាសាចិន។ ខណៈអេបនេះអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទប្រភេទ Andiord និង iOS។
៤. Everday Chinese ៖ គឺវេបសាយមួយដែលផ្តោតសំខាន់ទៅលើការបង្រៀនឃ្លានិងពាក្យជាភាសាចិនជារៀងរាល់ថ្ងៃដែលអ្នកអាចរៀនពាក្យ ប្រយោគនិងការបញ្ចេញសំឡេង បានទោះមិនធ្លាប់មានប្រវត្តិរៀនភាសាចិនសោះ ជាមួយនឹងគ្រូចិនកុកងឺតែម្តង។
ជាការពិតណាស់ការរៀនសូត្រគឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងធ្វើជាប្រចាំថ្ងៃក្លាយជាទម្លាប់ ប្រសិនបើយើងចង់ចេះតែមិនប្រឹងប្រែងដោយខ្លួន ទោះរៀនសាលាថ្លៃ គ្រូមកពីទីណាក៏មិនអាចជប់ឱ្យយើងចេះបានដែរ។
ដូច្នេះមានតែការប្រឹងប្រែងស្វែងសង្វតរៀនសូត្រដោយខ្លួនឯងប៉ុណ្ណោះ មិនថាការរៀននៅថ្នាក់ផ្ទាល់ឬរៀនអនឡាញដោយខ្លួនឯងនោះទេ គឺសុទ្ធតែមានអត្ថប្រយោជន៍ផ្សេងៗគ្នា៕
អត្ថបទដោយ៖ ពីង ជូអេង