អស់បំណុលនៅវ័យ៤០ឆ្នាំ! អ្នកស្រី Gemma Bird ប្រាប់មេរៀនសំខាន់១០ ដល់អ្នកជំពាក់គេច្រើនតែមានចំណូលតិច
SOKLY SOMAY 24 20233.8 K views

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស១បានឱ្យដឹងថា ព្រោះតែមានចំណូលតិចពេក ទើបធ្វើឱ្យ អ្នកស្រី Gemma Bird ត្រូវរស់នៅជាមួយនឹងបំណុលទិញផ្ទះជិត ១០ម៉ឺនដុល្លារ អស់ពេលយ៉ាងយូរទម្រាំរកផ្លូវដោះខ្លួនចេញមកបាន គឺឈានដល់វ័យខ្ទង់៤០ឆ្នាំទៅហើយ។ អ្នកស្រី Gemma បច្ចុប្បន្នជាអ្នកជំនាញហិរញ្ញវត្ថុ និងជាស្រ្ដីដែលចែករំលែកមេរៀនពាក់ព័ន្ធនឹងការចាត់ចែងលុយកាក់។

ខាងក្រោមនេះជាមេរៀនលុយកាក់សំខាន់ៗចំនួន១០ ដែលស្រ្តីមានបទពិសោធន៍ធ្លាប់ជាប់បំណុលរូបនេះ ចង់បង្ហាញដល់អ្នកដែលកំពុងជំពាក់គេច្រើន តែមានចំណូលតិច ជួយឱ្យកើនលុយ និងសន្សំសំចៃបានច្រើនដោយមិនដឹងខ្លួន៖

១. តាមដានចរន្តលុយ៖ សរសេរចុះនូវអ្វីទាំងអស់ដែលអ្នកបានចំណាយ ចំនួនលុយដែលចូលមកគ្រប់ពេល ព្រមទាំងកត់ចុះចំនួនលុយដែលអ្នកនៅសល់ជារៀងរាល់ខែបន្ទាប់ពីចំណាយរួច។

២. បង្កើតផ្លូវបង្កើនលុយ៖ លៃយ៉ាងណាឱ្យចំណូលកើនឡើង សម្លឹងមើលថាតើអ្នកអាចរកការងារបន្ថែមបានទេ? មានអ្វីដែលអាចដាក់ជួលបានទេ ដូចជាបើកបន្ទប់ជួលឱ្យសិស្សនិស្សិតស្នាក់នៅ ដើម្បីបានចំណូលបន្ថែមជាដើម។

៣. ដាក់ផែនការសន្សំ៖ ដាក់គោលដៅរូចៗប្រចាំសប្តាហ៍ដោយការកំណត់ថាចង់សន្សំប្រាក់ឱ្យបានចំនួនប៉ុន្មាន។ មិនបាច់កំណត់ច្រើនពេកទេ អាចថាមួយសប្តាហ៍ឱ្យសល់លុយតែ១ម៉ឺនរៀល ឬ២ម៉ឺនរៀលក៏បាន។ សំខាន់ត្រូវកំណត់រាល់សប្តាហ៍ ដើម្បីបង្កើតទម្លាប់សន្សំ។

៤. យកចិត្តទុកដាក់លើទឹកភ្លើង៖ រឿងតូចតែបើប្រហែសនឹងចេញខ្ទង់ចំណាយធំ អ្នកត្រូវងាកមកយកចិត្តទុកដាក់លើកុងតាក់ភ្លើង និងរ៉ូប៊ីណេទឹក ឡើងវិញ។ កុំបណ្ដោយឱ្យមានការបង្ហូរទឹកចោល ឬបើកភ្លើងបំភ្លឺចោលទាំងមិនចាំបាច់។ វិធីសន្សំគីឡូទឹកមួយទៀតគឺអ្នកអាចសម្រក់ទឹកឱ្យស្រក់តក់ៗ យឺតៗត្រងដាក់ធុង មួយថ្ងៃទល់ល្ងាចក៏បានទឹកមួយធុងពេញ ដោយគីឡូទឹកមិនវិលសូម្បីមួយគីប។

៥. យកចិត្តទុកដាក់លើម្ហូបអាហារ៖ ការហូបចុកជារឿងសំខាន់បំផុតសម្រាប់ឱ្យជីវិតរស់នៅបន្តបាន ប៉ុន្តែអ្នកក៏មិនត្រូវប្រហែសឱ្យវាខ្ជះខ្ជាយជ្រុលដែរ។ កុំបណ្ដោយឱ្យសម្រាមដែលសល់ពីម្ហូបអាហារហូរទៅច្រើនពេក ព្រោះសម្រាមទាំងអស់នោះសុទ្ធតែជាលុយដែលអ្នកខំរកមកយ៉ាងលំបាក។ ចាប់ផ្ដើមពីការធ្វើម្ហូបល្មមសម្រាប់ហូបមួយពេលៗ កុំពោរពាសពេក បើសល់កុំចាក់ចោលអី ទុកកម្ដៅហូបមួយពេលទៀតក៏ជួយសន្សំបានច្រើនដែរ។

៦. ជម្រះបំណុលមុនគេ៖ ក្នុងដំណាក់កាលខ្លួននៅជាប់បំណុល អ្នកមិនគួររៀបផែនការសន្សំទិញទ្រព្យថ្មីបន្ថែមទេ។ គួរតែដាក់គោលដៅបញ្ចប់បំណុលសិន របស់ណាចង់បានចាំគិតគ្នាពេលអស់បំណុលពីខ្លួនក៏មិនយឺតពេលដែរ។

៧. ត្រៀមបញ្ជីមុនទៅផ្សារ៖ រឿងនេះនិយាយងាយតែមិនសូវមានអ្នកធ្វើបានជាប់លាប់ប៉ុន្មានទេ ការកត់ត្រាអ្វីដែលចង់ទិញទុកមុនអាចជួយអ្នកកុំឱ្យចាយលើសខ្ទង់ ឬជះលុយលើរបស់ណាមិនចាំបាច់។ ដូច្នេះហើយមុនទៅផ្សារ ដាច់ខាតត្រូវតែកត់ត្រាបញ្ជីមុខទំនិញឱ្យហើយ អ្នករឹតតែត្រូវធ្វើរឿងនេះបើដឹងខ្លួនថាជាមនុស្សដៃទូលាយ។

៨. ប្រើរបស់ក្នុងផ្ទះឱ្យអស់លទ្ធភាព៖ របស់ប្រើប្រាស់ក្នុងផ្ទះដូចជាសាប៊ូ ថ្នាំដុសធ្មេញអ្វីជាដើម កុំចេះតែប្រញាប់ទិញថ្មី អ្នកត្រូវលៃប្រើវាឱ្យអស់លទ្ធភាពសិន។ យ៉ាងហោចណាស់ក៏ចំណេញប្រើបាន ២ទៅ៣ដងអីដែរ។

៩. ឈប់មើលស្រាលចំណាយតូចតាច៖ ចាប់ពីពេលនេះទៅ ត្រូវរៀនឱ្យតម្លៃលើរបស់តូចតាច រឿងតូចតាច លុយមួយកាក់មួយសេន។ កុំរំលងអ្វីដែលសន្សំបានក៏សន្សំទៅ ឧទាហណ៍ដូចជាសន្សំសំបកកំប៉ុងដែលហូបរួចទុកលក់ វាមិនមែនជារឿងខ្មាសគេទេ តែជាការសន្សំលុយតាមដែលអាចសន្សំទៅបាន ហើយរឿងទាំងអស់ហ្នឹងសុទ្ធតែជារឿងងាយៗ គ្មានអ្វីពិបាកធ្វើទេ។

១០. ប្រាប់ខ្លួនឯងថា​ «ធ្វើគ្រប់យ៉ាងដើម្បីឆាប់អស់បំណុល»៖ រាល់ពេលធ្វើសកម្មភាពអ្វីមួយ ត្រូវរំលឹកប្រាប់ខ្លួនឯងថា ធ្វើគ្រប់យ៉ាងដើម្បីឆាប់អស់បំណុល។ និយាយបែបនេះជារឿយៗ វានឹងជួយឱ្យអ្នកមានកម្លាំងចិត្តធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើ ដូចជាការខិតខំបង្កើនចំណូល ឬខំសន្សំ សម្រាប់យកលុយទៅដោះបំណុលឱ្យឆាប់អស់។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia