លោក Kaivalya Vohra និង Aadit Palicha គឺជាមិត្តសម្លាញ់នឹងគ្នា គាត់បានបោះបង់ការសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យល្បីឈ្មោះ Stanford University ហើយពួតដៃគ្នាបង្កើតអាជីវកម្មមួយដើម្បីសម្រួលដល់ការដឹកជញ្ជូននៅក្នុងប្រទេសឥណ្ឌា ដោយពួកគេបានបង្កើត App ដឹកជញ្ជូនមួយឈ្មោះថា “Zepto” ជា App ដឹកជញ្ជូនគ្រឿងទេសធំមួយនៅប្រទេសឥណ្ឌា ដែលផ្តោតលើការដឹកជញ្ជូនលឿនរហ័ស គឺលឿនជាង១០នាទី។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូននេះបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដោយ Kaivalya Vohra អាយុ ១៩ឆ្នាំមានស្រុកកំណើតនៅ ឥណ្ឌា និង Aadit Palicha អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅប្រទេសឥណ្ឌាដូចគ្នា អ្នកទាំងពីរបានជួបរាប់អានគ្នានៅពេលពួកគេបានទៅរៀននៅសាកលវិទ្យាល័យ Standford។ ប៉ុន្តែគួរឱ្យស្តាយ ក្រោយរៀនមិនបានប៉ុន្មាន Kaivalya Vohra បានសម្រេចចិត្តបោះបង់ការសិក្សាចោល រួចក៏វិលត្រឡប់មកប្រទេសឥណ្ឌាវិញនៅក្នុងឆ្នាំ ២០២០។
ក្រោយពីត្រឡប់មកវិញគឺចំពេលមានការរុករានរបស់ជំងឺកូវីដ១៩ ជាពេលដែលតានតឹងបំផុតរបស់ប្រជាជនឥណ្ឌា ពេលនោះរដ្ឋាភិបាលបានរឹតបណ្តឹងយ៉ាងខ្លាំងទៅលើការធ្វើដំណើរចេញចូល ជាហេតុធ្វើឱ្យប្រជាជនឥណ្ឌាពិបាកក្នុងការទៅផ្សារទិញគ្រឿងទេស ម្ហូបអាហារ។ដោយមើលឃើញពីបញ្ហានេះ Kaivalya Vohra និង Aadit Palicha ក៏ពិភាក្សាគ្នាបង្កើតសេវាកម្មដឹកជញ្ជូន ដែលដំបូងត្រូវគេស្គាល់ថា KiranaKart តែក្រោយមកទើបប្តូរទៅជា Zepto វិញ។
បន្ទាប់ពីបង្កើតបានមួយរយៈ Zepto ក៏ទទួលបានការប្រើប្រាស់កាន់តែច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍រហូតបណ្តាក់ទុនរកស៊ីជាមួយតាំងពី ៦០លានដុល្លារ រហូតកើនដល់ ២០០លានដុល្លារ រហូតមកដល់ឆ្នាំ ២០២២នេះ តម្លៃក្រុមហ៊ុនដឹកជញ្ជូនមានតម្លៃដល់ទៅ ៩០០លានដុល្លារអាមេរិក ជាកំណើនដល់រហ័សបំផុតរបស់ក្រុមហ៊ុន Zepto ក្នុងរយៈពេល ២ឆ្នាំ។
យ៉ាងណាមិញក្រៅពីភាពជោគជ័យដ៏ត្រចះត្រចង់នេះ មូលហេតុចម្បងដែលធ្វើឱ្យ App Zepto ទទួលបានអ្នកប្រើប្រាស់ច្រើន និងទទួលបានទំនុកចិត្តខ្លាំងពីអតិថិជនដោយសារតែចំណុចធំៗចំនួន ៣ រួមមាន ៖ ការរក្សាទំនាក់ទំនងជាមួយអតិថិជន ដោយការជជែកពីបញ្ហា តម្រូវការរបស់អតិថិជន ទី២ ធ្វើដោយក្តីស្រឡាញ់ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវអ្វីដែលល្អ ចុងក្រោយគឺមានទំនួលខុសត្រូវ។នេះជាគោលការណ៍រកស៊ីយូរអង្វែងរបស់ Zepto ដែលធ្វើឱ្យ App នេះមានអ្នកប្រើរាប់លាននាក់។
បច្ចុប្បន្ននេះ Zepto បានពង្រាយសេវាកម្មរបស់ខ្លួនបានខេត្តចំនួន ៥ធំៗរបស់ប្រទេសឥណ្ឌា ហើយទៅអនាគតសហគ្រិនវ័យក្មេងទាំង២នឹងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតពេញផ្ទៃប្រទេស។គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ Kaivalya Vohra និង Aadit Palicha ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីវ័យក្មេងនៅប្រទេសឥណ្ឌាផងដែរ។
សូមរំលឹកផងដែរថា អត្ថបទនេះរៀបចំឡើងដើម្បីសបញ្ជាក់ឱ្យឃើញថា ថ្វីបើបោះបង់ការសិក្សាចោលកណ្តាលទីក៏នៅមានឱកាសផ្សេងទៀតកំពុងរង់ចាំយើងដែរ មិនមែនឱ្យតែការបោះបង់ការសិក្សាសុទ្ធតែមិនល្អនោះទេ អ្វីដែលសំខាន់យើងមានគំនិត និងចេះចាប់ឱកាស ច្នៃបញ្ហាក្លាយជាឱកាសដូចយុវជនទាំងពីររូបនេះ។អ្វីដែលសំខាន់ទៀតនោះគឺ ការជ្រើសរើសមិត្តភក្តិ បើរើសត្រូវ រើសចំអ្នកនាំទៅផ្លូវល្អ ភាពរីកចម្រើនយើងក៏នឹងរីកចម្រើន តែបើរើសខុសចំមិត្តនាំបញ្ហាយើងក៏នឹងមានបញ្ហាដូចគ្នា៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង