ការបំពេញការងារនៅក្នុងទីផ្សារភាគហ៊ុន Wall Street គឺជាក្ដីស្រមៃដ៏ធំមួយរបស់ Kiana Danial។ ក្នុងឆ្នាំ ២០១០ Kiana Danial កំពុងរស់នៅក្នុងក្តីស្រមៃរបស់នាងនៅទីក្រុងញូវយ៉ក។ នាងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកពីប្រទេសជប៉ុនហើយបានធ្វើការងារមួយនៅ Wall Street ក្នុងនាមជាសហការីផ្នែកទំនាក់ទំនងសាធារណៈផ្នែកហិរញ្ញវត្ថុ។
មិនយូរប៉ុន្មាន នាងក៏ត្រូវគេបញ្ឈប់ពីការងារ ក្នុងមួយប៉ព្រិចភ្នែកទាំងដែលនាងមិនទាន់បានត្រៀមខ្លួនសូម្បីតែបន្តិច។ អ្វីដែលរឹតតែឈឺចាប់នោះគឺ មិត្តប្រុសរបស់នាងក៏បានសុំនាងបែកទៀត ដែលធ្វើឱ្យជីវិតនាងពេលនោះជួបប្រទះនូវភាពខ្មៅងងឹតសូន្យឈឹង។
ប៉ុន្តែក្រោយពេលភ្លៀងមេឃតែងស្រឡះ ព្រោះនាងអាចរំដោះខ្លួនចេញពីស្រមោលខ្មៅនោះបាន ព្រមទាំងវិវត្តន៍ខ្លួនក្លាយជាសេដ្ឋិនីវ័យ ៣៧ឆ្នាំ ជាមួយនឹងទ្រព្យប្រមាណ ២លានដុល្លារថែមទៀតផង។ តើនាងបានធ្វើអ្វីខ្លះទើបធ្វើឱ្យជីវិតនាងប្រែប្រួលបែបនេះ?
១. ចាប់ផ្ដើមផ្ដោតលើការវិនិយោគលើខ្លួនឯង
នាងបានចាប់ផ្ដើមផ្ដោតទៅលើការរៀនជំនាញថ្មីៗ ដែលត្រូវជាមួយនឹងគោលដៅ ឬការងារនាពេលអនាគតរបស់នាង។ មួយវិញទៀត នាងបានវិនិយោគលើខ្លួនឯង ដោយចំណាយប្រាក់ដើម្បីចូលរៀនវគ្គហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលជាកម្មវិធីបង្រៀននាងពីរបៀបជួញដូរភាគហ៊ុនផ្សេងៗ ឬជួលគ្រូបង្វឹកដែលអាចជួយនាងឱ្យពង្រឹងមុខជំនួញរបស់នាងឈានទៅកម្រិតបន្ទាប់។
២. ផ្ដោតលើការបង្កើនចំណូល
នាងបានខំប្រឹងធ្វើការងារផ្សេងៗដើម្បីអាចរកចំណូលបានកាន់តែច្រើន។ ជាក់ស្ដែងនាងក៏ធ្លាប់បង្រៀនភាសាជប៉ុនដល់ក្មេងៗ សរសេរសៀវភៅ ផ្ដល់ការប្រឹក្សាយោបល់ផ្សេងៗដើម្បីអាចរកចំណូលបាន។ នាងបាននិយាយថា ដើម្បីមានសេរីភាពហិរញ្ញវត្ថុអ្នកត្រូវមានប្រភពចំណូលច្រើន។ ប៉ុន្តែសំណួរសួរថាតើពេលដែលនាងមានប្រាក់សមល្មមហើយ តើនាងនឹងយកវាទៅធ្វើអ្វី? ចម្លើយគឺនៅចំណុចទី៣
៣. ទុកឱ្យលុយចាប់ផ្ដើមធ្វើការឱ្យនាង
ក្រោយពេលដែលនាងសន្សំបានដើមទុនសមល្មមហើយ នាងក៏បានយកប្រាក់របស់នាងទៅធ្វើការវិនិយោគលើវិស័យផ្សេងៗដែលនាងយល់ដឹងមានជំនាញ ដែលអាចឱ្យនាងរកចំណូលបាន និងអាចយកលុយដែលចំណេញទៅវិនិយោគបន្តរហូតដល់ប្រាក់នោះជួយបង្កើតកូនចៅលុយកាន់តែច្រើនឡើងៗសម្រាប់នាង។ ប៉ុន្តែមុនពេលដែលអ្នកសម្រេចចិត្តវិនិយោគ អ្នកត្រូវដឹងថាវាអាចមានហានិភ័យប្រឈមនឹងការបាត់បង់គ្រប់ពេលផងដែរ ប្រសិនបើអ្នកវិនិយោគជាមួយមនុស្សគ្មានភាពស្មោះត្រង់ គ្មានជំនាញ ឬវិនិយោគក្នុងវិស័យដែលមានហានិភ័យខ្ពស់៕