តំបន់ទេសចរណ៍ភាពយន្ត Hollywood ដែលស្ថិតនៅចំកណ្តាលទីក្រុង Los Angles ជាទីកន្លែងប្រណីតនិងមានតម្លៃរស់នៅថ្លៃបំផុតនោះ កំពុងជួបគ្រោះភ្លើងឆេះព្រៃដោយប្រជាជនរាប់សិបម៉ឺននាក់ត្រូវជម្លៀសចេញ អចលនទ្រព្យលំដាប់សេដ្ឋីនិងផ្ទះរបស់តារាហូលីវូដចំនួន៥រូប ត្រូវបានអគ្គិភ័យត្របាក់យក។
ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះបានឱ្យដឹងថា អណ្តាតភ្លើងដ៏សាហាវបានឆាបឆេះដល់សង្កាត់អ្នកមាន និងរាលដាលទៅក្បែរៗភ្នំដែលមានផ្លាកសញ្ញា Hollywood។
ដោយមូលហេតុនៃភ្លើង ឆេះនេះបណ្ដាលមកពីអណ្តាតភ្លើងត្រូវបានបញ្ឆេះដោយខ្យល់ព្យុះសង្ឃរាក្នុងល្បឿន ១០០ម៉ាយក្នុងមួយម៉ោង ដែលបានវាយលុកភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។
ទន្ទឹមនឹងនេះផ្ទះសម្បែងនិងលំហែដែលមានតម្លៃចន្លោះ៣លានដុល្លារអាមេរិក របស់បុគ្គលល្បីៗ ក្នុងចំណោមតារាសម្តែង ផលិតករទូរស្សន៍ រួមមាន Paris Hilton, Billy Crystal, Mandy Moore, Adam Brody និង Diane Warren បានបញ្ជាក់ថា ពួកគេបានបាត់បង់ផ្ទះរបស់ខ្លួន នៅក្នុងគ្រោះអគ្គិភ័យនេះ ស្របពេលបុគ្គលល្បីៗផ្សេងទៀតនៅតំបន់នោះ កំពុងស្ថិតនៅក្រោមការជម្លៀសនិងសង្រ្គោះ។
យ៉ាងណាមិញគិតមកត្រឹមពេលនេះ ភ្លើងឆេះព្រៃនេះមិនទាន់គ្រប់គ្រងបាននៅឡើយទេ ហើយមានមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត សំណង់ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់៣ម៉ឺនខ្នងត្រូវបានបំផ្លាញក្លាយជាផេះ ខណៈការខាតបង់នេះគិតជាតម្លៃសេដ្ឋកិច្ចមានចំនួនជាង៥០ពាន់លានដុល្លារ៕