Liziqi ជាតារា YouTube ចិនដ៏ល្បីឈ្មោះម្នាក់ នាងត្រូវបានគេស្គាល់តាមរយៈការធ្វើវីដេអូបង្ហាញពីជីវិតរស់នៅតាមទីជនបទ ស្រុកស្រែចម្ការ ហើយតាមរយៈការធ្វើវីដេអូរបស់នាង បានធ្វើឱ្យមនុស្សជុំវិញពិភពលោកបានស្គាល់ពីវប្បធម៌នៃការរស់នៅរបស់ប្រទេសចិនបានកាន់តែច្រើន។ប៉ុន្តែនៅអំឡុងខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ ស្រាប់តែ Liziqi បានមុខនៅលើ Channel ហើយឈប់ចេញវីដេអូដូចមុនទៀត ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាងកន្លងមកហាក់មានភាពងើយឆ្ងល់ជាខ្លាំង ថាតើនាងមានបញ្ហាអ្វីទើបមិនចេញវីដេអូ។
យ៉ាងណាមិញ ក្រោយពីស្ងាត់អស់មួយរយៈពេល ស្រាប់តែកាលពីពេលថ្មីៗកន្លងទៅ ក្នុងខែ មីនា ឆ្នាំ ២០២២នេះ មានការផុសវីដេអូពីអ្នកនាំភ្ញៀវទេសចរណ៍មួយរូប Liu Hong បានបង្ហោះវីដេអូសកម្មភាពរបស់ Liziqi កំពុងធ្វើសប្បុរសធម៌ នៅស្រុក Ganzi Dege និងស្រុក Shiqu ក្នុងដំណើរសប្បុរសធម៌នេះ តារា YouTube ល្បីឈ្មោះរូបនេះបានពាំនាំយកនូវនំ សម្លៀកបំពាក់ សម្ភារៈសិក្សា និងរបស់មួយចំនួនទៀតទៅចែកជូនដល់កុមារនៅក្នុងស្រុកទាំង២ថែមទៀតផង។
ក្នុងវីដែអូដដែលនេះ Liziqi ក៏បាននិយាយផងដែរថា នេះមិនមែនជាដំណើរកំសាន្តទេសចរនោះទេ ប៉ុន្តែវាគឺជាការចុះមកសិក្សាស្វែងយល់អំពី វប្បធម៌ ការរស់នៅ ផ្សារភ្ជាប់ជាមួយការធ្វើកសិកម្មរបស់ប្រជាកសិករក្នុងស្រុក Ganzi Dege និងស្រុក Shiqu ប៉ុណ្ណោះ ព្រោះនាងមានបំណងធ្វើការផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈវីដេអូរបស់នាង។ព្រោះពេលនេះ Liziqi ក៏បាននឹងកំពុងត្រៀមចេញវីដេអូឡើងវិញម្តងទៀត ក្រោយការបាត់មុខអស់យ៉ាងយូររួចមក។
គួររំលឹកផងដែរថា តារាស្រី Liziqi បានចាប់ផ្តើមចូលធ្វើវីដេអូចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយការធ្វើវីដេអូរបស់នាងបានបង្ហាញពីអត្តសញ្ញាណការរស់នៅតាមទីជនបទរបស់ប្រទេសចិនទៅកាន់ពិភពលោក ហើយតាមរយៈការធ្វើវីដេអូនេះ បានជួយឱ្យ Liziqi រកលុយបានរាប់លានដុល្លារ រហូតក្លាយជាសេដ្ឋិនី YouTube ដល់ល្បីឈ្មោះប្រចាំប្រទេសចិនថែមទៀតផង។ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសេដ្ឋិនីរូបនេះមានដល់ទៅ ១០លានដុល្លារអាមេរិក៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង