យុវជនជាវ័យលូតលាស់ វ័យដែលចង់ចេះចង់ដឹងច្រើន ហើយក៏ជាវ័យដែលប្រកួតប្រជែងខ្លាំង និងឆាប់ធ្លាក់ទឹកចិត្តផងដែរ ព្រោះថាសង្គមយើងសព្វថ្ងៃនេះកំពុងតែរីកចម្រើន ដូច្នេះហើយទើបតម្រូវឱ្យមនុស្សគ្រប់រូប ត្រូវស្វះស្វែងប្រកួតទាំងលើទីផ្សារ ព្រមទាំងប្រកួតជាមួយនឹងខ្លួនឯង ដើម្បីភាពរីកចម្រើន។
ពាក់ព័ន្ធនឹងរឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកប្រឹក្សាផ្លូវចិត្ត អ្នកនាង យឹម សុធារី ស្ថាបនិករបស់ក្រុមហ៊ុន Sneha Center បានលើកឡើងថា៖ «យុវជនអាចចង់ធ្វើរឿងច្រើន ប៉ុន្តែមិនអាចធ្វើគ្រប់រឿងនោះទេ អ្វីដែលពួកគាត់គួរធ្វើគឺ រៀនផ្ដោតលើការងារដែលជាអាទិភាពម្ដងមួយៗ»។
អ្នកនាង សុធារី បានពន្យល់ថា ការប្រកួតប្រជែងនៅក្នុងសង្គមអាចធ្វើឱ្យមនុស្សមានបញ្ហាធ្លាក់ទឹកចិត្តនៅពេលដែលមិនអាចសម្រេចលទ្ធផលល្អបាន។ ដូច្នេះដើម្បីអាចសម្រេចគោលដៅគឺមនុស្សម្នាក់ៗគួរតែចាប់ផ្ដើមពីការរៀនផ្តោត។ មិនថាអ្នកមានកិច្ចការច្រើនប៉ុនណាឡើយ ត្រូវតែបែងចែកវាទៅតាមលំដាប់នៃភាពសំខាន់ ហើយជ្រើសយកការងារដែលសំខាន់បំផុត បន្ទាន់បំផុតមកធ្វើមុនគេ។
កិច្ចការងារ ឬរឿងរ៉ាវដែលយើងចង់ធ្វើ សុទ្ធតែសំខាន់សម្រាប់ទិសដៅជីវិត ហើយវាប្រៀបដូចជាឫសឈើអ៊ីចឹង។ ឫសនៃដើមឈើរឹងមាំមួយដើមមានច្រើនរាប់មិនអស់ ប៉ុន្តែឫសដែលសំខាន់បំផុត ឬហៅថាឫសកែវ គឺវាមានតែមួយទេ។ រក្សាឫសកែវឱ្យរឹងមាំ ឱ្យវាចាក់ឫសចូលទៅក្នុងដីបានជ្រៅកម្រិតណា ដើមឈើនឹងកាន់តែរឹងមាំកម្រិតនោះ។
អ្នកនាង សុធារី បានគូសបញ្ជាក់ផងដែរថា សុខភាពរបស់មនុស្សសំខាន់ ពិសេសគឺផ្លូវចិត្ត ក្នុងវ័យលូតលាស់អ្នកគួររក្សាផ្លូវចិត្តឱ្យរឹងមាំ ហើយការរៀបចំការងារ និងរៀនផ្ដោតលើការងារគឺជាផ្នែកមួយ ដែលអាចជួយឱ្យផ្លូវចិត្តរបស់អ្នកស្រឡះល្អ និងកាត់បន្ថយសម្ពាធ។
សូមជម្រាបផងដែរថា អ្នកនាង យឹម សុធារី គឺជាស្ថាបនិកនៃមជ្ឈមណ្ឌលស្នេហា (Sneha Center)។ Sneha Center គឺជាមជ្ឈមណ្ឌលផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត សេវាកម្មប្រភេទនេះអាចជួយដល់មនុស្សគ្រប់វ័យ មិនថាស្រ្តី ឬបុរស។ សេវាប្រឹក្សាផ្លូវចិត្តមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងមូល ព្រោះសង្គមរីកចម្រើនបានព្រោះមានប្រជាជនរឹងមាំទាំងកាយទាំងចិត្ត។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ពីសេវាកម្មប្រឹក្សាផ្លូវចិត្តបន្ថែម លោកអ្នកអាចទំនាក់ទំនងសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ 097 990 3333 ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការ Sneha Center៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook