ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានលើកឡើងថា គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់រិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥ ខណៈស្ពានមិត្ដភាពមួយនេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងមានគុណភាពបំផុត។ ការបញ្ជាក់របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
ថ្លែងនៅក្នុងជួបខាងលើឯកឧត្ដម Yoon Suk-Yeol បានមានប្រសាសន៍ថា «ពិធីបើកការដ្ឋានសាងសង់ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ»។ ឯកឧត្តមបន្ថែមថា «ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ»។
សូមជម្រាបថា គម្រោងស្ពានមិត្ដភាព-កម្ពុជានេះ គឺប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ក្នុងនោះផ្លូវក្បាលស្ពានមានប្រវែងសរុប(Approach road) ១.១៧៤ម៉ែត្រ និងទទឹងផ្លូវ ២២,៥ម៉ែត្រ។ ចំពោះការសាងសង់ស្ពាននេះគឺមានចំនួន ២ ដោយក្នុងនោះស្ពានទី១ ត្រូវសាងសង់ពីតំបន់ផ្សាររាត្រីឆ្លងកាត់ទន្លេសាបតភ្ជាប់ទៅតំបន់អរិយក្សត្រ និងស្ពានទី២ តភ្ជាប់ពីតំបន់អរិយក្សត្រឆ្លងកាត់ទន្លេមេង្គឆ្ពោះទៅតំបន់អរិយក្សត្រតែម្ដង។
សម្រាប់កញ្ចប់ថវិកានៅក្នុងការសាងសង់គម្រោងស្ពានខាងលើ គឺជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។
បើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះ នឹងត្រូវបើកការដ្ឋានសាងសង់នៅអំឡុងខែមិថុនា ឆ្នាំ២០២៥ ខណៈការសិក្សាផលប៉ះពាល់ត្រូវបានបញ្ចប់រួចរាល់៕