ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវការគាំទ្រចំពោះការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា។ ការគាំទ្ររបស់ឯកឧត្ដមនេះ គឺត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងជំនួបខាងលើឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា «ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ»។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕