កំពុងសាញរឿងតម្លៃពន្ធ! តែ​CEOរបស់ Apple បង្ហើបពីមូលហេតុដែល បង្កើតរោងចក្រផលិតនៅចិន
Ping Chou EngAPRIL 19 2025547 views

ស្របពេលដែលបញ្ហាអត្រាពន្ធនាំចេញនាំចូលសហរដ្ឋអាមេរិក មានភាពចម្រូសចម្រាស់ ធ្វើឱ្យក្រុមហ៊ុននិងទីផ្សារភាគហ៊ុនមួយចំនួនដាំក្បាលចុះផងនោះ ក្រុមហ៊ុន Apple ដែលភាគច្រើនកំពុងធ្វើការជាមួយដៃគូផ្នែកផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិច ដែលជាក្រុមហ៊ុននៅតៃវ៉ាន់និងចិន បានបញ្ជាក់អំពីមូលហេតុដែលឧស្សាហកម្មរបស់ខ្លួនមានតម្រូវការរោងចក្រផលិតកម្មនៅចិន។

 

​នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ធ្លាប់បានបង្ហើបនៅក្នុងបទសម្ភាសន៍មួយជាមួយ Fortune កាលពីឆ្នាំ២០១៧ អំពីមូលហេតុដែលក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះត្រូវការរោងចក្រផលិតនៅចិន ជាជាងនៅអាមេរិកចាប់តាំងពីជំនាន់លោក Steve Job កាន់ក្រុមហ៊ុនមកម្ល៉េះ។

 

ដោយ Cook បានលើកឡើងដូច្នេះថា «ចិន​លែង​ជា​ប្រទេស​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ទាប​ទៀត​ហើយ តាំង​ពី​រាប់ឆ្នាំ​មុនហើយកត្តាប្រាក់ឈ្នួលថោក មិនមែនជាហេតុផលដែលយើងជ្រើសរើសប្រទេសចិនជាខ្សែសង្វាក់ផ្គត់ផ្គង់នោះទេតែ មូលហេតុគឺដោយសារជំនាញ និងបរិមាណកម្លាំងពលកម្ម នៅកន្លែងតែមួយ និងប្រភេទជំនាញដែល Apple ត្រូវការ។»

 

ក្នុងនោះលោកបាន ពន្យល់ថា ប្រទេសចិនមានគុណសម្បត្តិខ្ពស់ក្នុងវិស័យផលិតកម្ម ជាពិសេសក្នុងការរៀបចំឧបករណ៍ បច្ចេកទេសដំឡើង និងដំណើរការសម្ភារៈកម្រិតខ្ពស់នៃធាតុសំខាន់ៗទាំងអស់នៅក្នុងដំណើរការផលិត iPhone។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា នៅ​សហរដ្ឋ​អាមេរិក សូម្បី​តែ​ការ​ស្វែង​រក​វិស្វករ​ឧបករណ៍​ក៏​ពិបាក​ដែរ ព្រោះចំនួនពលកម្មគឺតិចជាងចិន។

 

ជាក់ស្តែងនៅក្នុងសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលសរសេរដោយអ្នកនិពន្ធ Walter Isaacson លោក Jobs ក៏បានបង្ហាញថា សហរដ្ឋអាមេរិកខ្វះអ្នកបច្ចេកទេសជំនាញប្រហែល៣ម៉ឺននាក់ ដើម្បីគាំទ្រដល់ដំណើរការផលិតរបស់​ Apple។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិនវិញ ក្រុមហ៊ុន Apple អាចពឹងផ្អែកលើពលកម្មជំនាញរហូតដល់៧ម៉ឺននាក់ ឯណោះក្នុងរោងចក្រមួយនាពេលនោះ៕ 

 

 

 អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia