មានកំណើតក្នុងគ្រួសារអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅទីក្រុងប៉េកាំង លោក ស៊ី ជីនពីង (Xi Jing Ping) បានកើតនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣។ ដោយសារតែវិបត្តិគ្រួសារក្នុងជួរនយោបាយ បានរុញច្រានវាសនាឱ្យយុវជន Xi ត្រូវចាកចេញពីទីក្រុង ទៅកាន់ទីជនបទដែលជាកន្លែងដែលដឹកនាំលត់ដំឱ្យកំលោះម្នាក់នេះ ស្រឡាញ់នឹងចូលចិត្តការអាន តាំងពីកុមារភាពរហូតដល់ក្លាយជាប្រមុខរដ្ឋប្រទេស។
ក្នុងឆ្នាំ១៩៦៩ នាពេលដែលលោក Xi ទៅដល់ភូមិដាច់ស្រយោលមួយក្នុងខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ក្នុងនាមជាយុវជនដែលមានការអប់រំខ្ពស់មកពីទីក្រុង លោកបានកាន់វ៉ាលីដ៏ធ្ងន់ដែលពោរពេញទៅដោយសៀវភៅ។ នៅទីនោះលោក Xi បានងប់ងល់នឹងការអានយ៉ាងខ្លាំងសូម្បីតែពេលទទួលទានអាហារ ក្រោមពន្លឺចង្កៀងប្រេងកាតនៅពេលយប់ និងពេលសម្រាកពីការងារស្រែចម្ការ។ លោកចូលចិត្តសៀវភៅគ្រប់ប្រភេទ ពិសេសអក្សរសាស្ត្របុរាណនានានៃពិភពលោក។
ឆ្លងកាត់កិច្ចការតស៊ូជាច្រើនក្នុងនយោបាយ ចំណង់ចំណូលចិត្តនៃការអានរបស់លោក Xi នៅតែបន្តទោះក្នុង ពេលដែលគាត់បានបម្រើការនៅក្នុងមុខតំណែងផ្សេងៗនៅទូទាំងប្រទេសចិនក្តី។ ដោយភាគច្រើននៅក្នុងសន្ទុរកថាសាធារណៈនិងអត្ថបទនានាសរសេរដោយ លោក Xi សម្រាប់ផ្សាយតាមកាសែតក្នុងស្រុក តែងតែមានការដកស្រង់ឃ្លាពីសៀវភៅបុរាណ។
ក្នុងនោះគេសង្កេតឃើញថាភាពជាអ្នកដឹកនាំរបស់លោកគឺលេចធ្លោទៅលើ ពាក្យពេចន៍ដ៏នឹងនរនិងមានអត្ថរសដូចកំណាព្យបុរាណចិន។ លោកប្រធានាធិបតី Xi បានលើកឡើង ក្នុងបទសម្ភាសសារព័ត៌មានមួយកាលពីឆ្នាំ២០១៣ ដូច្នេះថា "ខ្ញុំមានចំណង់ចំណូលចិត្តជាច្រើន។ ខ្ញុំស្រឡាញ់ការអានច្រើនបំផុត ការអានបានក្លាយជាផ្លូវនៃជីវិតសម្រាប់ខ្ញុំ" ។
បន្ថែមពីនេះនៅពេលដែលលោកអញ្ចើញទៅធ្វើការនៅតំបន់ណា លោកតែងមានចំណាប់អារម្មណ៍ក្នុងការអានសារព័ត៍មាន និងសិក្សាស្រាវជ្រាវ ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិនិងការពិតរបស់កន្លែងមួយនោះ។ ជាក់ស្តែងក្នុងឆ្នាំ២០១៥ នៅពេលថ្លែងសុន្ទរកថានៅទីក្រុងឡុងដ៍ ប្រធានាធិបតី Xi បានរាយបញ្ជីសៀវភៅ និងលើកសរសើរអំពីការពេញចិត្តរបស់គាត់ចំពោះស្នាដៃនិពន្ធរបស់បុរសជនជាតិអង់គ្លេស William Shakespeare។
នៅឆ្នាំ២០១៤ លោកប្រធានាធិបតីបានបញ្ជាក់ប្រាប់សារព័ត៌មានដូច្នេះថា "ការអានធ្វើឱ្យចិត្តរបស់ខ្ញុំមានថាមពល ផ្តល់ការបំផុសគំនិត និងបណ្តុះកម្លាំងសីលធម៌របស់ខ្ញុំ"។ លោកបានកត់សម្គាល់និងជំរុញថាការអាននឹងជួយប្រជាជនចិនឱ្យបន្តនូវស្មារតីរឹងមាំ មានទម្លាប់ប្រពៃណីជាអ្នកតស៊ូ និងបង្កើតចរិតលក្ខណៈដែលមានទំនុកចិត្តលើខ្លួនឯង ព្យាយាមពឹងផ្អែកលើខ្លួនឯងជាធំ៕
អត្ថបទដោយ៖ ពីង ជូអេង