នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលជាព្រលានយន្ដហោះធំជាងគេនៅក្នុងប្រទេសកម្ពុជា សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា និងស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនឹងបើកឲ្យដំណើរការជាផ្លូវការហើយ។ តើនៅពេលព្រលានយន្ដហោះអន្ដរជាតិលំដាប់ 4F នេះបើកដំណើរការ នឹងផ្ដល់ផលវិជ្ជមានអ្វីខ្លះដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា?
តាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា នៅពេលដែលព្រលានយន្ដហោះអន្ដរជាតិតេជោបើកដំណើរការ នឹងជះផលវិជ្ជមានច្រើនដល់វិស័យអចលនទ្រព្យកម្ពុជា ពិសេសគឺអចលនទ្រព្យនៅតំបន់ក្បែរនោះតែម្ដង។ ដោយសារនៅពេលព្រលានយន្ដហោះបើកដំណើរនឹងធ្វើឲ្យចរន្ដមនុស្សសម្រុកទៅទីនោះច្រើន ហើយនឹងធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើង។
លោកថា អចលនទ្រព្យប្រែប្រួលល្អឬមិនល្អគឺអាស្រ័យទៅលើចរន្ដមនុស្ស នៅពេលមានមនុស្សទៅច្រើននឹងធ្វើឲ្យអចលនទ្រព្យនៅតំបន់នោះឡើងថ្លៃ។ ហើយមនុស្សទៅច្រើនដោយសារកន្លែងនោះមានកន្លែងធ្វើការ មានផ្សារ មានហេដ្ឋារចនាសម្ព័ន្ធល្អ។ ជាក់ស្ដែងឥឡូវនេះនៅតំបន់ព្រលានយន្ដហោះថ្មីនេះគឺមានហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា មហាវិថី៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី៣ ផ្សារទំនើបអ៊ីអន៣ ជាដើម។
ស្រដៀងគ្នានឹងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងដែរថា នៅពេលព្រលានយន្ដហោះអន្ដរជាតិតេជោ នេះនឹងជួយទាក់ម៉ូយបន្ថែមទៀតទៅដល់អ្នកវិនិយោគចូលមកកាន់ប្រទេសកម្ពុជា ក៏ដូចជាជួយវិស័យទេសចរណ៍ ដើម្បីជំរុញឲ្យមានការហោះហើរពីអន្ដរជាតិមកកាន់កម្ពុជាច្រើនជាងមុន។ កាលណាមានភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកច្រើន នឹងធ្វើឲ្យវិស័យអចលនទ្រព្យ នឹងមានការងើបឡើង។ អ៊ីចឹងនៅពេលព្រលានបើកដំណើរការដីធ្លីនៅតំបន់ព្រលាននឹងងើបឡើងបន្ដិច ព្រោះប្រជាពលរដ្ឋ ក៏ដូចជាជនជាតិបរទេសនឹងស្វែងរកទីលំនៅដែលជិតព្រលានដើម្បីងាយស្រួលនៅក្នុងការឡើងយន្ដហោះធ្វើដំណើរទៅក្រៅប្រទេស។
អ្នកឧកញ៉ាថា នៅពេលព្រលានយន្ដហោះនេះបើក នឹងធ្វើឲ្យតម្លៃដីនៅក្បែរនោះមួយចំនួនដែលនៅមានតម្លៃទាប នឹងចាប់ផ្ដើមឡើងបន្ដិចម្ដងៗ។ អ៊ីចឹងអ្នកដែលមានលុយពិតប្រាកដ ចង់ទិញដីពេលនេះទុករយៈពេលយូរ ៥ ទៅ ៦ ឆ្នាំគាត់អាចនឹងមានផលចំណេញខ្ពស់។ ប៉ុន្ដែបើទិញហើយលក់វិញក្នុងអំឡុង ៦ ខែឬ១ឆ្នាំក្រោយរាងលំបាកបន្ដិច ព្រោះវិស័យអចលនទ្រព្យត្រូវការរយៈពេលខ្ទប់ ៤ ទៅ ៥ ឆ្នាំទៀតដើម្បីឲ្យដូច ឬប្រហាក់ប្រហែល ឬលើស នឹងមុនឆ្នាំ២០១៩ ក៏ថាបានដែរ។ ដូច្នេះការបើកដំណើរការព្រលានយន្ដហោះនេះ គឺជាផលវិជ្ជមានល្អមួយជួយជំរុញវិស័យអចលនទ្រព្យមានភាពប្រសើរជាមុន។
អ្នកឧកញ៉ាបន្ថែមថា នៅពេលបច្ចុប្បន្ននេះដីធ្លីនៅក្រុងភ្នំពេញបើប្រៀបធៀបទៅនឹងប្រទេសដទៃគឺកម្ពុជានៅមានតម្លៃធូរថ្លៃនៅឡើយ ហើយដីនៅតំបន់ព្រលានបច្ចុប្បន្នក៏មិនទាន់នឹងឡើងថ្លៃខ្ពស់ពេកនោះទេ ជាតម្លៃដែលអាចឡើងថ្លៃបានទៀត ក៏ប៉ុន្ដែឡើងនៅក្នុងកម្រិតណាគឺវាអាស្រ័យទៅលើទីតាំងនៅក្បែរព្រលានហ្នឹង។ បើយើងខិតឆ្ងាយពីព្រលានបន្ដិច តម្លៃ ៣០ ដុល្លារ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ អាចនឹងកើនឡើងទៀត៕