ក្រុមហ៊ុន WOWNOW ធ្វើការស្រាយបំភ្លឺស្តីពីការតវ៉ារបស់បុគ្គលិកដឹកជញ្ជូនអាហារ
Sreymom ChaAUGUST 24 2023

កាលពីវេលាម៉ោង 2 និង 30 នាទីរសៀល នៅថ្ងៃទី24 ខែសីហា ឆ្នាំ 2023 បុគ្គលិកផ្នែកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន WOWNOW បានប្រមូលផ្តំគ្នាធ្វើការតវ៉ាជុំវិញបញ្ហាទម្លាក់ថ្លៃដឹកជញ្ជូន និងបញ្ហាផ្សេងៗទៀតរ នៅទីតាំងជាន់ផ្ទាល់ដីនៃអគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន WOWNOW ។

Photo 2023 08 24 20 35 32

ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាមួយនេះ ក្រុមហ៊ុន WOWNOW បានចាត់តាំងអ្នកតំណាងក្រុមបុគ្គលិកដឹកជញ្ជូន ដើម្បីធ្វើការសិក្សាបន្ថែមទៅលើបញ្ហាដែលបុគ្គលិកដឺកជញ្ជូនអាហារកំពុងតែតវ៉ាដែលមានដូចជា៖

១. ប្រាក់ចំណូល និងការគណនាមិនប្រក្រតី។

២. ថ្លៃដឹកជញ្ជូនខ្ពស់បំផុតទទួលបានត្រឹមតែ ០.៣ ទៅ ០.៣៥ ដុល្លារក្នុងមួយបុង ហើយចំពោះបុងដែលមានចម្ងាយឆ្ងាយគឺទទួលបានត្រឹម ០.៥ ដុល្លារ។

៣. មានពាក្យសម្តីមិនសមរម្យពីថ្នាក់ដឹកនាំចំពោះបុគ្គលិកអ្នកដឹកជញ្ជូនអាហារថា៖ «បើដឹកបានដឹក ដឹកមិនបានលាឈប់ទៅ»។

Photo 2023 08 24 20 36 25

ប្រធានគ្រប់គ្រងផ្នែកបុគ្គលិកដឹកជញ្ជូនអាហារ លោក Max  បានធ្វើការស្រាយបំភ្លឺចំពោះបញ្ហាទី ១ ថា៖ « ប្រាក់ចំណូល និងការគណនាមិនប្រក្រតីនោះ គឺកើតឡើងនៅពេលដែលធ្វើបច្ចុប្បន្នភាពអេបបុគ្គលិកដឹកជញ្ជូនអាហារក្នុងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៣ ហើយបណ្តាលអោយការគណនាប្រាក់ចំណូលបុគ្គលិកដឹកជញ្ជូនចំនួន ២៤ រូបមិនប្រក្រតី។ បញ្ហានេះត្រូវបានរកឃើញនៅព្រឹកម៉ោង ៧ និង ២០នាទីនៃថ្ងៃបន្ទាប់ ហើយក៏បានធ្វើការគណនាឡើងវិញ និងទូទាត់ជូនពួកគាត់បានគ្រប់ចំនួនរួចហើយ»។

លោក Max បន្តទៀតថា៖ « ថ្លៃដឹកជញ្ជូនខ្ពស់បំផុតទទួលបានត្រឹមតែ 0.30 ទៅ 0.35 ដុល្លារក្នុងមួយជើង ហើយចំពោះបុងដែលមានចម្ងាយឆ្ងាយគឺទទួលបានត្រឹម 0.50 ដុល្លារ គឺមិនពិតនោះទេ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ យើងក៏មានរូបភាពបញ្ជាក់ពីប្រាក់ចំណូលរបស់បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនWOWNOWជាភស្តុតាង ដែលចំណូលសរុបច្រើនជាង0.50ដុល្លារក្នុងមួយបុងផងដែរ »។

លោកបន្ថែមទៀតថា៖ «ចំពោះពាក្យថា «បើដឹកបានដឹក ដឹកមិនបានលាឈប់ទៅ» ដែលត្រូវបានបុគ្គលិកដឹកជញ្ជូនអាហារ និយាយថា ថ្នាក់ដឹកនាំរបស់ពួកគេនិយាយទៅកាន់ពួកគេនោះ វាគ្រាន់តែជាការយល់ច្រលំលើអត្តន័យតែប៉ុណ្ណោះ»។ ពោលគឺវាគ្រាន់តែជាពាក្យស្លោកសម្រាប់ពួកគាត់ក្នុងគោលបំណងបង្កើននូវគុណភាពសេវាកម្មដឹកជញ្ជូន ដោយពាក្យដើមគឺ «If you can't serve customers well you can't deliver food to users fast. You can't be a WOWNOW rider» ដែលមានន័យជា (ភាសាខ្មែរថា ៖ ប្រសិនបើអ្នកមិនអាចផ្ដល់សេវាកម្មល្អជូនអតិថិជនបានទេ អ្នកនឹងមិនអាចដឹកជញ្ជូនអាហារអោយអតិថិជនបានរហ័សទាន់ពេលនោះទេ ហើយអ្នកក៏មិនអាចក្លាយជាបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនWOWNOW បាននោះឡើយ។

Photo 2023 08 24 20 35 45

មកដល់វេលាម៉ោង ១៦ និង ៣០ នាទីល្ងាចថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន WOWNOW  និងបុគ្គលិកដឹកជញ្ជូនអាហារបានឈានដល់ការយោគយល់គ្នា និងស្រាយបំភ្លឺការយល់ច្រលំទាំងអស់ទាក់ទងនឹងបញ្ហខាងលើរួចរាល់។

ក្រុមហ៊ុន WOWNOW យល់ឃើញថានេះជាព្រឹត្តការណ៏វិជ្ជមានមួយដែលបានបញ្ជាក់អោយយើងទាំងអស់គ្នាបានដឹងថា បុគ្គលិកដឹកជញ្ជូនរបស់ពួកយើងអាចការពារនូវប្រយោជន៍របស់ពួកគេ ហើយក៏អាចបញ្ចេញសម្លេងផ្តល់មតិកែលម្អផ្សេងៗបានគ្រប់ពេល ដើម្បីអោយក្រុមហ៊ុនអាចកែលម្អ ពង្រឹង និងធានាសេវាកម្មជូនអតិថិជនអោយបានកាន់តែល្អប្រសើរ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឆ្នើមមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានក្លាយជាក្រុមហ៊ុនឈានមុខមានតួនាទីដឹកនាំដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនអាហារក្នុងប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី។

នេះក៏ដោយសារតែក្រុមហ៊ុនយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបទពិសោធន៍ប្រើប្រាស់សេវាកម្មរបស់អតិថិជន ហើយប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ដៃគូសហការណ៏របស់ពួកយើងផងដែរ។ យើងនឹងរក្សានូវបំណងដើមក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មល្អបំផុត និងបង្កើតសេវាកម្មធ្វើអោយជីវិតកាន់តែងាយស្រួលសម្រាប់អតិថិជនគ្រប់រូបនៅកម្ពុជា។

ជាចុងក្រោយ ក្រុមហ៊ុន WOWNOW សូមថ្លែងអំណរគុណដល់បុគ្គលិកដឹកជញ្ជូនគ្រប់រូបដែលបញ្ចេញមតិការពារប្រយោជន៍របស់ខ្លួន ហើយហេតុការណ៍ថ្ងៃនេះកបានរំលឹកដល់យើងផងដែរថា ក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់លើសិទ្ធិ និងផលប្រយោជន៍ទាំងអស់របស់អតិថិជន បុគ្គលិកដឹកជញ្ជូនអាហារ និងដៃគូសហការណ៍ ក៏ដូចជាម្ចាស់អជីវកម្មផ្សេងៗផង។ យើងនឹងចងចាំហើយក្រើនរំលឹកខ្លួនឯងជានិច្ច ហើយក៏ព្រមទទួលយក និងផ្តល់ទំនួលខុសត្រូវរាល់គ្រប់សកម្មភាព។

Sreymom Cha

អត្ថបទសរុប៖ 295

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia