រោងម៉ាស៊ីនកិនស្រូវ១៦៨៨ និងរោងម៉ាស៊ីនកិនស្រូវ Amru Rice បានជួយទិញស្រូវប្រភេទOMដែលកំពុងចាល់ទីផ្សារពីកសិករក្នុងតម្លៃ៨០០-៨២០រៀលក្នុងមួយគីឡួក្រាមដើម្បីសង្ងួតនិងស្តុកទុក។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។
ជាក់ស្តែងកាលពីកន្លងទៅ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង ជាមួយអ្នកគ្រប់គ្រងទុន និងលទ្ធភាពរោងម៉ាស៊ីនទទួលទិញស្រូវOM5451តម្លៃ៨០០-៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន១២០០០តោន និងពិនិត្យច្រវ៉ាក់ផលិតក្នុងរោងម៉ាស៊ីន។
ជាមួយគ្នានោះដែរ រោងម៉ាស៊ីនកិនស្រូវ Amru Rice ស្រុកប្រាសាទបល្ល័ង្គ ក៏មានលទ្ធភាពទទួលទិញស្រូវ OM5451ក្នុងតម្លៃ៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្ម។ រោងម៉ាស៊ីន BRM (សន្ទុក) ស្រុកសន្ទុក មានលទ្ធភាពទទួលទិញស្រូវ OM5451ក្នុងតម្លៃពី៨១០-៨៣០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥៥០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្ម។
គូសបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវជាច្រើនកន្លែងនៅខេត្តកំពង់ធំក៏មានការទិញស្រូវច្រើនប្រភេទដើម្បីផលិតជាអង្ករយកទៅលក់ក្នុងស្រុក និងក្រៅប្រទេសដែលជាផលិតផលខ្មែរសុទ្ធសាធក្នុងការប្រកួតយកជ័យលាភីជូនប្រទេសកម្ពុជាផងដែរ៕