ថែ្លងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ រាជរដ្ឋាភិបាល នឹងដាក់វិធានការចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវនៅកម្ពុជា។ ដោយក្នុងនោះរួមមាន៖
ទី១/ វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារ បញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ, សម្រាប់បង្វិលប្រមូលទិញកសិផល, និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១០០លានដុល្លារ បន្ថែមទៀត និង
ទី២/ វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ, ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី, កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះអ្នកផលិត និងអ្នកប្រើប្រាស់។ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់, រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។
ក្នុងន័យនេះ, ចំពោះអ្នកផលិតកសិផលជាស្រូវ, បន្ថែមពីលើការគិតគូលើថ្លៃលក់ និង ទីផ្សារសម្រាប់លក់ យើងត្រូវគិតគូរជាច្រើនដំណាក់កាល៖ ដំណាក់កាលទី១ គឺត្រូវមានដី សម្រាប់ដាំដុះ, ដំណាក់កាលទី២ គឺត្រូវមានទឹក សម្រាប់ស្រោចស្រព, ដំណាក់កាលទី៣ គឺត្រូវមានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និងស្រោចស្រព, និង ដំណាក់កាលទី៤ គឺទីផ្សារ សម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក៕