កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានបញ្ជាក់ឱ្យដឹងថាលោកនឹងចេញបទបញ្ជាប្រតិបត្តិថ្មី ដើម្បីពន្យារពេលការហាមឃាត់ដែលកំពុងកើតឡើងលើកម្មវិធី TikTok សម្រាប់ទុកពេលធ្វើកិច្ចព្រមព្រៀងថ្មី ចំនួន៩០ថ្ងៃ។
ការប្រកាសរបស់លោក Trump នេះបានធ្វើឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពី TikTok បានបិទមួយរំពេចនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃទី១៩ មករា ដែលជាថ្ងៃផុតកំណត់សម្រាប់ម្ចាស់ក្រុមហ៊ុនចិន ByteDance ដើម្បីពិចារណាលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឱ្យសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះលោក Donald Trump បានលើកឡើងថា "ខ្ញុំនឹងចេញដីកាប្រតិបត្តិមួយនៅថ្ងៃចន្ទ ដើម្បីពង្រីករយៈពេលមុនពេលច្បាប់ហាមឃាត់ចូលជាធរមាន ដូច្នេះយើងអាចធ្វើកិច្ចព្រមព្រៀងដើម្បីការពារសន្តិសុខជាតិរបស់យើង" ។ លោកក៏បានបន្តថា "យើងចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០% ក្នុងការបណ្តាក់ទុនរួមគ្នាជាមួយTiktok ក្រោមហេតុផលចរចាថាតម្លៃរបស់កម្មវិធីអាចកើនឡើងដល់រាប់រយពាន់លានដុល្លារ ប្រហែលជាពាន់ពាន់លាន" ។
យ៉ាងណាមិញក្រុមហ៊ុន Tik Tok ក៏បានផ្ញើសារទៅថាអ្នកប្រើប្រាស់របស់ខ្លួនយ៉ាងដូច្នេះថា "យើងមានសំណាងណាស់ដែលប្រធានាធិបតី Trump បានបង្ហាញថាគាត់នឹងធ្វើការជាមួយយើងលើដំណោះស្រាយដើម្បីបញ្ចូលកម្មវិធី TikTok ឡើងវិញនៅពេលដែលគាត់ចូលកាន់តំណែង សូមរង់ចាំ!"។
សូមបញ្ជាក់ផងដែរថាកាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ Tiktok ត្រូវបានតុលាការកំពូលអាមេរិកសម្រេចបិទ ខណៈកម្មវិធីក៏អាចប្រើបានខ្លះវិញនៅប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕