យោងតាមទស្សនាវដ្តី Forbes បានចុះផ្សាយថា ដោយផ្អែកលើទិន្នន័យនៃចំនួនមេដឹកនាំពិភពលោក ដែលមានចំណូលនិងប្រាក់ខែប្រចាំឆ្នាំ បានឱ្យដឹង ថានាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong គឺជានាយករដ្ឋមន្រ្តី ដែលមានចំណូលខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងប្រាក់ខែប្រចាំឆ្នាំ១.៦៩ លានដុល្លារ។
ចំណែកឯមេដឹកនាំដែលមានចំណូលខ្ពស់ ចំណាត់ថ្នាក់លេខ២គឺ លោក Viola Amherd ប្រធានាធិបតីស្វីស រកចំណូលបានប្រមាណ ៥៧០,០០០ ដុល្លារក្នុងមួយឆ្នាំ ដោយក្នុងនោះរបាយការណ៍ បានបន្ថែមថា មេដឹកនាំដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ភាគច្រើនគឺមកពីប្រទេសដែលនិយាយភាសាអង់គ្លេស។
ដោយឡែកបើតាមទិន្នន័យពីឆ្នាំ ២០២៣ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ២ដោយប្រាក់បៀវត្សរ៍របស់នាយករដ្ឋមន្ត្រីមានចំនួន ១,៣២០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសសម្រាប់មនុស្សម្នាក់។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Star ។
សូមជម្រាបផងដែរថាលោក Lawrence Wong គឺជាអ្នកដឹកនាំជំនាន់ទី៤របស់សិង្ហបុរី ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីបន្តពីលោក លី ស៊ាងឡុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤។
ខណៈបុរសវ័យ៥១ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ការងារជា រដ្ឋមន្ត្រីក្រសួងអប់រំ និងការពារជាតិ ព្រមទាំងជាប្រធានអាជ្ញាធររូបិយវត្ថុ ដែលជាធនាគារកណ្តាល នៃប្រទេសសិង្ហបុរី មុនពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី៕
អត្ថបទដោយ៖ ពីង ជូអេង