ធនាគារពិភពលោក ជួយកម្ពុជា ២៧៥លាន$ ទៅដល់ផ្នែកធំៗទាំង៣នេះ
Nim Pranun JUNE 24 20242.1 K views

កាលពីថ្មីៗនេះ ក្រុមប្រឹក្សានាយក​នៃ​ធនាគារពិភពលោក បាន​អនុម័ត​លើ​កញ្ចប់​ឥណទាន​តម្លៃ​ ២៧៥​ លានដុល្លារអាមេរិក នេះបើយោងទៅតាមការចេញផ្សាយរបស់ធនាគារ World Bank Cambodia-ធនាគារពិភពលោកប្រចាំកម្ពុជា

កញ្ចប់ឥណទាន ២៧៥លាន$នេះ គឺសម្រាប់​ជួយ​ទ្រ​ទ្រង់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា ក្នុងការ​​ជំរុញកំណើន និង​ភាព​ធន់​របស់​សេដ្ឋកិច្ច​ ក្នុង​រយៈពេល​វែងឆ្ងាយ​ទៅមុខ ដោយហិរញ្ញប្បទាននេះ នឹង​ត្រូវ​​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ជំរុញ​កំណែទម្រង់ សំដៅ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​នៃ​ផ្នែក​ឯក​ជន, ពង្រឹងជំហរ​សារពើពន្ធ​របស់​ប្រទេស និង​ផ្តល់​ជំនួយ​ដល់​ក្រុម​ប្រ​ជា​ជន​ងាយ​រង​គ្រោះ​បំផុត។

ឥណទាននេះ​គឺសម្រាប់​គម្រោងដំណាក់កាលទី២ ស្តីពី​ ហិរញ្ញប្បទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និងការ​រៀបចំគោល​នយោបាយ​អភិវឌ្ឍន៍​មាន​ភាពធន់​ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​នៅ​រារាំង​កិច្ចខិតខំ​របស់​​កម្ពុជា​ក្នុង​ការ​រើ​បម្រះ​ខ្លួន​ចេញ​ពី​ឥទ្ធិពល​ញាំញីរ៉ាំរ៉ៃមក​លើ​សេដ្ឋកិច្ច ពីសំណាក់​​ជំងឺ​រាតត្បាត​កូវីដ-១៩។ ​ឥណទាន​ថ្មី​នេះ​បន្ថែម​ពីលើឥណទាន​តម្លៃ ២៧៤ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បានផ្តល់​​ក្នុង​ឆ្នាំ​២០២២ សម្រាប់គម្រោង​ដដែលនេះ នៅ​ក្នុង​ដំណាក់​កាល​ទី១។

448831273 475646165115051 5041394082763530250 N

ស្ថាន​ភាពនេះនៅកម្ពុជា ជា​ការឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក និង​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័ន្ធនៃបែបផែនកំណើន​របស់​ប្រទេស​នេះ។ បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​របស់​កម្ពុជា​រួមមាន ផលិតភាព​មាន​កំណើន​ខ្សោយ, ការ​អភិវឌ្ឍននៃ​​មូលធនមនុស្ស​នៅមាន​កម្រិត​ទាប, និង​ឧបសគ្គ​ដល់​ការ​បង្កើត និង​ការ​ប្រកួត​ប្រជែង​របស់​ធុរកិច្ច​ឯកជន។ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើ​​ផលិតផល, ទីផ្សារនាំចេញ និង​ធនធាន​ហិរញ្ញប្បទាន ដែល​ជា​ហេតុ​ធ្វើ​ឱ្យមានការ​រង​ការ​ប៉ះទង្គិច​ពីសំណាក់​​ស្ថានការណ៍​អង្រួន​កន្ត្រាក់ណាស់។ ប្រទេស​នេះ​ក៏​ងាយ​រងគ្រោះ​ពី​ផល​ជះ​នៃ​ការ​ប្រែប្រួលអាកាស​ធាតុដែរ ជា​ពិសេស​ទឹកជំនន់ និង​ភាព​រាំង​ស្ងួត។

ឥណទានថ្មី​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ។ ជំនួយនេះ​នឹង​ជួយ​បង្កើត​បរិយា​កាសអំណាយ​ផល​ដល់​ការ​​បើកដំណើរការអាជីវកម្មរបស់​ក្រុម​ហ៊ុន​, បិទអាជីវកម្ម និង​​ការ​ប្រកួត​​ប្រជែង​ដោយ​ត្រឹម​ត្រូវ​យុត្តិធម៌។ ផ្នែក​ឯទៀត​នៃ​ឥណទាននេះ នឹង​ជួយ​ពង្រឹង​​ភាពធន់​នៃ​សារ​ពើពន្ធតាម​រយៈ​ការ​កែលម្អ​ភាពប្រសិទ្ធផល​នៃចំណាយ, សម្រាល​ហានិភ័យ​នៃ​ចំណាយ​មូលធន និង​បង្កើន​​ភាព​ជាដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ពង្រឹង​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន តាម​រយៈ​សញ្ញាបណ្ណ​ជាតិ។

ឥណទានថ្មី​នឹងជួយ​សម្រួល​ផង​ដែរ ដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា ដល់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះឱ្យ​បាន​កាន់​តែទូលំទូលាយ​​ ក្នុង​ករណី​ជួប​គ្រោះ​មហន្តរាយធម្មជាតិ ឬ​ស្ថាន​ភាពអង្រួន​កន្ត្រាក់​សេដ្ឋកិច្ច, កែលម្អ​បទប្ប​ញ្ញត្តិ​បរិស្ថាន និង​លើក​កម្ពស់​ដល់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia