ការចំណាយកើនឡើងប៉ុន្តែចំណូលនៅទ្រឹង នោះគឺជាការពិតរបស់អ្នកធ្វើការពេញម៉ោងជាង៤០% ដែលរកចំណូលមិនគ្រប់នឹងចំណាយប្រចាំថ្ងៃពួកគេ បើយោងតាមការស្រាវជ្រាវពី សន្ទស្សន៍ប្រាក់ឈ្នួលអាមេរិក Dayforce ក្នុងឆ្នាំ២០២៤។
យ៉ាងណាមិញក្នុងឆ្នាំ២០២៥នេះ ទស្សនាវដ្តី Forbes វាយតម្លៃថាមានជំនាញចំនួន៣ ដែលអាចជួយឱ្យប្រាក់ចំណូលរបស់អ្នកធ្វើការកើនឡើងទ្វេដង ស្របពេលដែលនិន្នាការទីផ្សារការងារផ្លាស់ប្តូរឥតឈប់ឈរ។
១. ជំនាញ AI៖ ការយល់ដឹងអំពី AI ទូទៅគឺជាជំនាញសំខាន់បំផុតមួយនៅឆ្នាំ២០២៥។ AI មានសារៈប្រយោជន៍ចំពោះភាពជោគជ័យលើការងារនិងការធ្វើអាជីវកម្ម វាអាចជួយបង្កើនផលិតភាពការងារ សូម្បីតែពេលអ្នកធ្វើការជាអ្នកឯករាជ្យក៏ដោយ។ ប៉ុន្តែការរៀននិងប្រើប្រាស់AI កម្រិតមូលដ្ឋាន តែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវយល់ដឹងពីការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ផលប៉ះពាល់របស់ AI និងការវិវត្តន៍របស់វាផងដែរ។
២. ជំនាញឥទ្ធិពលសង្គម៖ តាមរយៈរបាយការណ៍អនាគតនៃការងារ ឆ្នាំ២០២៥ របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ជំនាញភាពជាអ្នកដឹកនាំនិងឥទ្ធិពលសង្គម ត្រូវបានចាត់ថ្នាក់ជាជំនាញស្នូលទីបីនៃឆ្នាំ២០២៥។ ជំនាញឥទ្ធិពលសង្គមគឺនិយាយអំពីការចេះប្រើប្រាស់សិទ្ធិអំណាចឌីជីថលផ្ទាល់ខ្លួនរបស់អ្នក ឱ្យបានត្រឹមត្រូវនឹងត្រូវចេះបង្ហើរសំឡេងរបស់អ្នកថាអ្នកជានរណា កំពុងធ្វើការងារអ្វី កំពុងរកស៊ីអ្វី។
៣. ជំនាញគិតវិភាគ៖ វេទិកាសេដ្ឋកិច្ចពិភពលោកបានចាត់ថ្នាក់ជំនាញគិតវិភាគ ជាជំនាញលេខមួយក្នុងតម្រូវការទីផ្សារ ជំនាញនេះគឺជារបៀបគិតបានគ្រប់ជ្រុងជ្រោយ មានទាំងជ្រុងវិជ្ជមាននិងអវិជ្ជមាន ដោយគ្មានលក្ខណបច្ចេកទេសទេ។ ខណៈការគិតវិភាគនឹងនាំអ្នកឱ្យពូកែសម្រេចចិត្ត ដោយផ្អែកលើទិន្នន័យ ដែលវាជួយបង្កើនភាពច្បាស់លាស់ កាន់ស៊ីជម្រៅជាងមុន និងភាពដែលអាចទៅរួចទៅលើការងារនិងក្នុងអាជីវកម្មរបស់អ្នកផងដែរ។
ដូច្នេះការធ្វើការច្រើនជាងមុន ដើម្បីចំណូលកើនទ្វេដង អាចមិនមែនជាចម្លើយតែមួយគត់ដែលត្រឹមត្រូវនោះទេ តែការធ្វើការឱ្យកាន់តែឆ្លាតវៃតាមរយៈការអភិវឌ្ឍជំនាញកម្រិតខ្ពស់ អាចជាចម្លើយដ៏មានតុល្យភាពមួយ។ ដូចពាក្យរបស់លោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញបាននិយាយថា៖ "ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ"៕
អត្ថបទដោយ៖ ពីង ជូអេង