ហើយក៏ជាអ្នកធ្វើការពេញម៉ោងផងដែរ។ ថ្វីត្បិតតែលោកស្រីមានការងារមួយច្បាស់លាស់ពិតមែន ប៉ុន្តែលោកស្រីតែងតែឆ្លៀតរកចំណូលបន្ថែម តាមរយៈការលក់នូវផ្លែឈើខ្មែរ ម្ហូបខ្មែរធម្មជាតិ និងផលិតផលផ្សេងៗ ដែលជារបស់ខ្មែរ។
លោកស្រីតែងតែរំលែករឿងចាត់ចែងលុយកាក់ និងរកចំណូលបន្ថែមអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ចំណូលធ្លាក់ចុះ ហើយមនុស្សជាប់បំណុលច្រើន។
នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម លោកស្រីប្រាក់ លឹមហ៊ាង បាននិយាយថា លោកស្រីគឺជាអ្នកធ្វើការពេញម៉ោង ប៉ុន្តែឆ្លៀតរកចំណូលបន្ថែមតាមអនឡាញ។ ខាងក្រោមនេះ គឺជារបៀបដែលលោកស្រីរកចំណូលតាមអនឡាញ តាមរយៈការលក់ដូរផ្លែឈើ និងម្ហូបអំឡុងពេលដែលលោកស្រីធ្វើការពេញម៉ោង។
១. រៀបចំពេលវេលាផុសលក់
លោកស្រីថា អ្នកត្រូវរៀបចំពេលវេលាក្នុងការផុសលក់ ដូចជាបើមានផេក អាចផុសលក់ក្នុងផេករបស់អ្នក ប៉ុន្តែបើអ្នកគ្មានផេកទេនោះ អ្នកអាចផុសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក។ ចំពោះពេលវេលាផុសលក់ លោកស្រីផ្ទាល់ផុសអំឡុងម៉ោងដែលមិនប៉ះពាល់ការងារ។ ជាក់ស្ដែង លោកស្រីផុសពេលព្រឹកមុនចូលធ្វើការ ផុសពេលថ្ងៃម៉ោងសម្រាកបាយថ្ងៃ និងផុសពេលល្ងាចក្រោយចេញពីធ្វើការ និងថ្ងៃសៅរ៍ អាទិត្យផងដែរ។
ជុំវិញការផុសលក់ដដែលនេះ លោកស្រីបង្ហើបថា អ្នកត្រូវផុសជាប្រចាំថ្ងៃ ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីរំលឹកអតិថិជនថាយើងនៅតែលក់ នៅតែមានផលិតផលលក់ ហើយមានផលិតផលអ្វីខ្លះ។
២. ការរៀបចំការដឹកជូនភ្ញៀវ
ចំពោះការដឹកជញ្ជូន គឺយើងរៀបចំពេលល្ងាចដាក់ជូនភ្ញៀវ ហើយស្អែកទៅដល់ដៃភ្ញៀវ ឬក៏យើងឆ្លៀតពេលថ្ងៃត្រង់សម្រាកម៉ោងបាយ យើងអាចរៀបចំដឹកជូនអតិថិជនបានដោយខ្លួនឯងផ្ទាល់។ មួយវិញទៀត ចំពោះការដឹកជូនភ្ញៀវ អ្នកត្រូវមានការសហការជាមួយភ្នាក់ងារដឹកជញ្ជូន មានដូចជាភ្នាក់ងារដឹកជញ្ជូនដែលដេកផ្លូវមួយយប់ ភ្នាក់ងារដឹកជញ្ជូនទាន់ចិត្តភ្លាមៗ ឬ Tuk Tuk ជាដើម។
ត្រង់នេះ លោកស្រីថា ផលិតផលណាដែលអតិថិជនអាចរង់ចាំបាន យើងអាចរៀបចំដឹកជញ្ជូនពេលយប់ ហើយស្អែកទៅដល់ដៃអតិថិជន។ ចំណែកផលិតផលណាដែលមិនអាចរង់ចាំបាន យើងអាចដឹកជូនភ្លាមៗ ដោយឲ្យម៉ូតូឌុប ឬ Tuk Tuk ដឹកឲ្យភ្លាមៗ ឬភ្នាក់ងារដែលគេដឹកជញ្ជូនពេលព្រឹក អាចដល់ពេលល្ងាច។
៣. របៀបក្នុងការឆ្លើយតបជាមួយភ្ញៀវ
អ្នកត្រូវឆ្លើយតបជាមួយភ្ញៀវឲ្យបានឆាប់រហ័ស និងបានល្អប្រសើរ ក្នុងករណីផលិតផលនោះយឺតយ៉ាវ ឬមានបញ្ហាអ្វីមួយ។ លោកស្រីថា ការឆ្លើយតបគឺពិតជាសំខាន់ណាស់ ពេលអ្នកលក់អនឡាញ។ ទោះបីជាផលិតផលនោះយឺត ឬយ៉ាងណា តែបើការឆ្លើយតបផ្ដល់ព័ត៌មានជូនអតិថិជន គឺពិតជាសំខាន់ណាស់។ ចំណុចនេះ លោកស្រីចែករំលែកថា ក្នុងការលក់អនឡាញ យើងត្រូវថ្លឹងថ្លែងអារម្មណ៍ និងរកពេលវេលាល្អក្នុងការឆ្លើយតប ព្រោះពេលខ្លះមានអារម្មណ៍មិនល្អ មានបញ្ហាស្រ្តេស អាចឲ្យប៉ះពាល់ដល់ការលក់របស់អ្នក ដូច្នេះ បើអ្នកឆ្លើយតបពេលអារម្មណ៍មិនល្អ ឆ្លើយតបមិនល្អ នឹងធ្វើឲ្យបាត់ម៉ូយខ្លះដែរ។
អ្វីដែលលោកស្រី ប្រាក់ លឹមហ៊ាង ចែករំលែកខាងលើ គឺជាគំរូល្អមួយក្នុងការរកចំណូលបន្ថែម ពីការលក់ដូរផលិតផលខ្លះៗ អំឡុងពេលយើងធ្វើការពេញម៉ោង ដែលបងប្អូនអាចយកទៅអនុវត្តបាននៅក្នុងជីវិតជាក់ស្ដែង ហើយវាមិនពិបាកក្នុងការធ្វើនោះទេ ឲ្យតែអ្នកធ្វើតាមអ្វីដែលគាត់បានចែករំលែក៕